(ភ្នំពេញ)៖ ខ្មែរយើងមានសុភាសិតមួយឃ្លា លើកឡើងថា «គ្មានម្រឹគណា បោលចូលមាត់សីហៈ ដែលដេកលក់នោះទេ» ដែលសុភាសិតនេះដែរ គឺចង់បង្ហាញពីការលើកទឹកចិត្តឲ្យមនុស្ស ប្រឹងប្រែងគ្រប់ពេលវេលា ដើម្បីសម្រេចគោលដៅមួយ។

ជាក់ស្តែង លោក ហួត ស៉ីថត បានឈ្នះពានតារាសម្តែងឆ្នើមប្រចាំឆ្នាំ២០២២ លើកដំបូង ពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) ខណៈដែលតារាងសម្តែងជើងចាស់រូបនេះ បានតស៊ូព្យាយាមពុះពារ និងបញ្ចេញទេពកោសល្យដ៏ល្អ ប្រឡូកក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ១៩៨១ ពោលគឺមានរយៈកាល ៤១ឆ្នាំ។

ក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ ដែលត្រូវបានធ្វើឡើងនៅសាលសន្និសីទចតុម្មុខ នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្តល់កិត្តិយសប្រគល់ពានរង្វាន់តារាភាពយន្តឆ្នើមប្រចាំឆ្នាំ ជូនលោក ហួត ស៉ីថន នៅចំពោះមុខមន្ត្រីជាន់ខ្ពស់មកពីក្រសួង/ស្ថាប័នពាក់ព័ន្ធនានា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតចំនួន ២០ទូត ផលិតករភាពយន្តបរទេសចំនួន ៣០នាក់ ផលិតករ សិល្បករ សិល្បការិនីក្នុងស្រុក សរុបចំនួនជាង ៧០០នាក់។

លោក ហួត ស៉ីថន ទទួលបានពាននេះដែរ ក៏ដោយសារទទួលបានការវាយតម្លៃខ្ពស់ លើសមត្ថភាពសម្តែងលក្ខណៈធម្មជាតិរបស់លោក ពេលលោកដើរតួក្នុងភាពយន្តរឿង រឿង «ប៊ូឌីញ ស (White building)» ដែលរឿងនេះក៏បានដំណើរដាក់ផ្សាយ នៅតាមបណ្ដាប្រទេសជាច្រើន និងបានចូលរួមមហោស្រពភាពយន្ត នៅក្រៅប្រទេសរហូតដល់ជាង ២០លើក និងបានឈ្នះពានរង្វាន់ចំនួន២ ទៀតផង។

លោក ហួត ស៉ីថន បានបង្ហាញក្តីរីករាយដែលទទួលបានពានតារាសម្តែងឆ្នើមប្រចាំឆ្នាំ២០២២ លើកដំបូង ពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News លោកបានឲ្យដឹងថា «ខ្ញុំបានចូលរៀននៅសាលាវិចិត្រសិល្បៈ ផ្នែកល្ខោននិយាយ ចាប់ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៥ (ស្នាតកបត្រសិល្បៈ)។ ចាប់ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩០ ខ្ញុំបានបន្តការសិក្សានៅសហភាពសូវៀតផ្នែកភាពយន្ត»។

រៀបរាប់បណ្តើរ និងបង្ហាញរូបថតមួយចំនួនបណ្តើរ កាលលោកនៅពីក្មេង ដែលទើបចូលរៀននៅសាលាវិចិត្តសិល្បៈ និងទៅរៀនបន្តនៅសហភាពសូវៀត ក៏ដូចជារូបថតដែលលោកបានចាប់ផ្តើមសម្តែង បន្ទាប់ពីរៀននៅសហភាពសូវៀតចប់នោះ តារាងសម្តែងជើងចាស់រូបនេះ បានបន្ថែមថា ចាប់ពីឆ្នាំ១៩៩១ រហូតមកដល់ខែមីនា ឆ្នាំ២០២២ លោកធ្វើការនៅសាលាវិចិត្រសិល្បៈ ដើម្បីចែករំលែកចំណេះដឹង ទៅមនុស្សជំនាន់ក្រោយ។ ប៉ុន្តែ បច្ចុប្បន្នលោកចូលនិវត្តន៍ពីការងារហើយ។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានអបអរសាទរលោក ហួត ស៉ីថន ចំពោះការទទួលបានពានរង្វាន់តារាងសម្តែងឆ្នើម ប្រចាំឆ្នាំ២០២២។ មន្ត្រីក្រសួងវប្បធម៌ ក៏បានផ្តាំផ្ញើដែរទៅដល់តារាសម្តែងផ្សេងៗទៀត ខិតខំយកចិត្តទុកដាក់ឲ្យច្បាស់អំពីសាច់រឿង និងតួអង្គ ដែលខ្លួនត្រូវលេង ជាពិសេសការស្គាល់ពីអត្តចរិតរបស់តួអង្គជារឿងសំខាន់បំផុត។

លោកបញ្ជាក់ថា «ខ្ញុំសូមអបអរសាទរចំពោះគាត់ ដែលទទួលបានពានកិត្តិយសមួយនេះ ហើយចង់បញ្ជាក់ដែរថា ការសម្តែងភាពយន្តទាមទារនូវការបណ្តុះបណ្តាលផងដែរ ទាក់ទងនឹងការសម្តែង បូករួមនឹងទេពកោសល្យពីធម្មជាតិ និងលក្ខណៈសម្បត្តិផ្ទាល់ខ្លួនផ្សេងទៀត»

សូមជម្រាបថា រឿង «ប៊ូឌីញ ស White building)» ដែលដឹកនាំការសម្តែងដោយលោក នាង កាវិច ដែលបានទទួលពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុង Venice ជាមួយរឿង «គ្រប់យ៉ាងនឹងប្រសើរ (Everything will be OK)» របស់លោក ប៉ាន់ រិទ្ធី ដែលបានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់នៅក្នុងមហោស្រពភាពយន្តទីក្រុង Berlin ឆ្នាំ២០២២ នឹងចាក់បញ្ចាំងដោយឥតគិតថ្លៃ ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ក្នុងចំណោមខ្សែភាពយន្តចំនួន ១៤៤ខ្សែ មកពី ២៦ប្រទេស។

បើតាមរដ្ឋមន្រ្តីក្រសួងវប្បធម៌ ភាពយន្តដ៏កម្រមកពីប្រទេសអូស្ត្រាលីចំនួន ២០ ចំណងជើង ដែលផលិតពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ២០២២ នឹងត្រូវបានចាក់បញ្ចាំងនៅក្នុងព្រិត្តិការណ៍មហោស្រពនេះ ក្នុងគោលបំណងចូលរួមអបសារទខួបអនុស្សាវរីយ៍លើក ៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-អូស្ត្រាលី ផងដែរ។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា គឺជាអ្នកឧបត្ថម្ភដ៏ធំ ក្នុងការគាំទ្រមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ ហើយពិធីនេះដែរ ត្រូវបានបង្កើតឡើង ដើម្បីផ្សារភ្ជាប់វប្បធម៌របស់កម្ពុជា-អូស្ត្រាលី ស្វែងរកមូលដ្ឋានរួម និងបង្កើតអារម្មណ៍រួមគ្នានៃសហគមន៍៕