(ឡុងដ៍)៖ ក្លិបតោខៀវ Chelsea បានចូលរួមប្រកួតប្រជែងក្នុងការចុះកិច្ចសន្យាផ្ទេរយកខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Raphinha ពីក្លិប Leeds United។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

កីឡាករលំដាប់អន្តរជាតិរបស់ប្រេស៊ីលរូបនេះ គឺជាគោលដៅនៃការដេញថ្លៃពីសំណាក់ក្លិប Arsenal និងមានការចាប់អារម្មណ៍ពីក្លិប FC Barcelona ផងដែរ។

ក្លិប Leeds ចង់បានតម្លៃជាង ៥០លានផោនសម្រាប់ការផ្ទេរកីឡាករ Raphinha ដែលពួកគេបានចុះកិច្ចសន្យាផ្ទេរយកមកពីក្លិប Rennes ក្នុងតម្លៃតែ ១៧លានផោនកាលពី ២ឆ្នាំមុន។

ប៉ុន្តែម្ចាស់ក្លិបសញ្ជាតិអាមេរិករបស់ក្លិប Chelsea ចង់ឲ្យកីឡាករវ័យ ២៥ឆ្នាំរូបនេះជាផ្នែកមួយនៃខ្សែប្រយុទ្ធទម្រង់ថ្មីមួយ ហើយលោកក៏បានទាក់ទងរួចហើយដែរ ជាមួយនឹងកីឡាករលំដាប់អន្តរជាតិអង់គ្លេស Raheem Sterling ទៀតដែរ។

យ៉ាងណាក៏ដោយ មិនទាន់មានការផ្តល់សំណើជាផ្លូវការណាមួយត្រូវបានធ្វើឡើងទៅកាន់ក្លិប Leeds ដែលបានរួចផុតពីការគម្រាមកំហែង នៃការកាត់ចេញពីលីគ Premier League នៅថ្ងៃចុងក្រោយនៃរដូវកាលមុននេះនោះទេ៕