(មេនឆេស្ទើ)៖ ក្លិបបាល់ទាត់ផ្នែកនារី Manchester City បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធលំដាប់អន្តរជាតិ សញ្ជាតិអូស្ត្រាលី Mary Fowler លើកិច្ចសន្យារយៈពេល ៤ឆ្នាំ ផ្ទេរមកពីក្លិបបារាំង Montpellier។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅ Women's Super League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

កីឡាការិនី Fowler បានបង្ហាញខ្លួនលេងលក្ខណៈអន្តរជាតិជាលើកដំបូងរបស់នាងក្នុងវ័យ ១៥ឆ្នាំកាលពីឆ្នាំ២០១៨ និងបានស៊ុតបញ្ចូលទី ៧គ្រាប់ ក្នុងចំណោម ២៤ប្រកួតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិអូស្ត្រាលី។

កីឡាការិនីវ័យ ១៩ឆ្នាំរូបនេះបានចំណាយពេលវេលា ២រដូវកាលកន្លះចុងក្រោយលេងនៅក្លិប Montpellier បន្ទាប់ពីចូលរួមជាមួយក្លិបនេះ ក្រោយចាកចេញពីក្លិប Adelaide United កាលពីខែមករា ឆ្នាំ២០២០ ហើយកាលពីខែមុន ត្រូវបានជាប់ជាកីឡាការិនីឆ្នើមវ័យក្មេងប្រចាំឆ្នាំ របស់សមាគមបាល់ទាត់អាជីពអូស្ត្រាលី (Australian PFA's Young Women's Player of the Year) ទៀតផង។

ការទៅដល់នៃកីឡាការិនី Fowler បានបន្តការស្តារឡើងវិញរបស់ក្លិប City បន្ទាប់ពីការចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Deyna Castellanos និងខ្សែការពារ Laia Aleixandri និង Leila Ouahabi ក្រោយពីការចាកចេញចំនួនយ៉ាងច្រើននៃកីឡាការិនីដែលលេងបានយូរឆ្នាំ។

សូមជម្រាបថា City មានកៅអីលេងនៅ Champions League សម្រាប់រដូវកាលក្រោយ បន្ទាប់ពីបញ្ចប់នៅចំណាត់ថ្នាក់លេខ៣ ក្នុងលីគ WSL រដូវកាល២០២១-២២ ឈរនៅពីក្រោយម្ចាស់ពានរង្វាន់ជើងឯក Chelsea និងក្លិបជើងឯករង Arsenal៕