(អាមេរិក)៖ តារាចម្រៀងរបស់អាមេរិក ដែលល្បីល្បាញនៅជំនាន់មុន គឺលោក R. Kelly ម្ចាស់បទ «I Believe I Can Fly» នៅថ្ងៃពុធសប្តាហ៍នេះ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ ក្នុងសំណុំរឿងរំលោភសេពសន្ថវៈ តាមរយៈការប្រើប្រាស់កិត្តិនាមរបស់ខ្លួន ដើម្បីបំពានផ្លូវភេទលើអ្នកគាំទ្រវ័យក្មេង ខណៈជនរងគ្រោះខ្លះ គឺស្ថិតក្នុងវ័យកុមារក៏មាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

និយាយទាំងទឹកភ្នែក និងកំហឹងផងនោះ ជនរងគ្រោះជាច្រើននាក់ បានប្រាប់តុលាការក្នុងទីក្រុង New York ថា តារាចម្រៀងរូបនេះបានបោកបញ្ឆោតពួកគេ និងធ្វើបាបពួកគេយ៉ាងខ្លាំង។ យ៉ាងណាមិញ នៅក្នុងសវនាការ លោក Kelly ដែលបច្ចុប្បន្ន មានអាយុ៥៥ ឆ្នាំមិនបានផ្តល់សេចក្តីថ្លែងការណ៍ទេ ហើយក៏មិនមានប្រតិកម្មអ្វីដែរ នៅពេលស្តាប់សំដីជនរងគ្រោះទាំងនោះ ខណៈលោកត្រូវពិន័យជាទឹកប្រាក់ ១០ម៉ឺនដុល្លារផងដែរ។ ចំពោះសេចក្តីសម្រេចរបស់តុលាការ លោកបានបដិសេធ ហើយអះអាងថា លោកគ្រោងនឹងប្តឹងឧទ្ធរណ៍ទៀតផង។

គួរជម្រាបថា អ្នកនិពន្ធបទចម្រៀងដែលឈ្នះពានរង្វាន់ Grammy រូបនេះ ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធ ពីបទរំលោភសេពសន្ថវៈ និងការជួញដូរផ្លូវភេទ កាលពីឆ្នាំមុន ក៏ប៉ុន្មានគេមិនដឹងនោះទេថា ទោសនោះត្រូវបានអនុវត្តន៍ឬយ៉ាងណា ព្រោះនារីរងគ្រោះជាជនជាតិស្បែកខ្មៅ។ ក៏ប៉ុន្តែនារីរងគ្រោះទាំងនោះ បានបង្ហាញក្តីសង្ឃឹម ដោយជឿជាក់ថា យុត្តិធម៌នឹងមានដូចគ្នា ចំពោះនារីស្បែកខ្មៅដូចពួកនាង៕