(ភ្នំពេញ)៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមវិសាខាបានលើកឡើងថា លោកមិនចង់ជួបប្រវត្តិសាស្ដ្រច្រំដែលឡើយ តែខ្លួនចង់សាងប្រវត្តិសាស្ដ្រថ្មីសម្រាប់ក្រុម និងប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មានមុនក្រុមខ្លួន ត្រូវប្រកួតបញ្ចប់ពូល G នៃពានរង្វាន់ AFC Cup 2022 ជាមួយក្រុមម៉ាឡេស៊ី Kedah Darul Aman នាម៉ោង ៨យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី៣០ ខែមិថុនានេះ នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។

ទោះបីវិសាខា បានយកឈ្នះ ២ប្រកួតជាប់គ្នា តែគ្រូបង្វឹកខាងលើបានបញ្ជាក់ថា «សម្រាប់ខ្ញុំ ខ្ញុំគិតថា វាអត់ទាន់គ្រប់គ្រាន់នោះទេ ព្រោះយើងនៅត្រៀមការប្រកួតមួយនេះទៀត។ អ៊ីចឹងអ្វីដែលទាក់ទងនឹងអារម្មណ៍នោះ គឺខ្ញុំមិនចង់ឲ្យមានប្រវត្តិច្រំដែលៗ ព្រោះយើងឡើងមកដល់វគ្គនេះហើយ យើងឈ្នះ ២ប្រកួតហើយ ចឹងពួកយើងមិនបោះបង់ការខំប្រឹង សម្រាប់ការប្រកួតចុងក្រោយនេះទេ ព្រោះប្រកួតចុងក្រោយនេះ ពិតជាសំខាន់»

លោកបានសង្កត់ធ្ងន់ថា «អ្វីដែលខ្ញុំធ្វើសតិអារម្មណ៍ជាមួយកីឡាករ គឺយើងមិនចង់ឲ្យមានប្រវត្តិច្រំដែលៗ បានន័យថា ធ្វើបានល្អហើយ យើងភ្លេចខ្លួន យើងទម្លាក់ខ្លួនមកវិញ គឺអត់ទេ យើងនៅតែបន្ដការខិតខំប្រឹងប្រែងជានិច្ច។ ចង់និយាយថា យើងនឹងព្យាយាមបង្កើតប្រវត្តិសាស្ដ្រថ្មី សម្រាប់ក្រុមវិសាខាទាំងមូល ក៏ដូចជាសម្រាប់ប្រទេសជាតិយើងដែរ»។

យ៉ាងណាក្ដីលោកបានអះអាងថា បច្ចុប្បន្នក្រុមទាំងមូល បានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រកួតដ៏សំខាន់នេះ ទាំងកម្លាំង ស្មារតី និងឆន្ទៈ គឺមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រកួតប្រជែងជាមួយក្រុម Kedah ដែលជាក្រុមខ្លាំងមកពីម៉ាឡេស៊ី។

សូមបញ្ជាក់ថា វិសាខា បានធ្វើឲ្យអ្នកគាំទ្រជាតិ និងអន្ដរជាតិ ភ្ញាក់ផ្អើលជាខ្លាំង ក្រោយធ្វើបានយ៉ាងល្អ ដោយបានយកឈ្នះក្រុមខ្លាំងៗ ២ប្រកួតជាប់គ្នា រួមមានឈ្នះក្រុមហ្វីលីពីន Kaya FC ២-១ និងបំបាក់ក្រុមម្ចាស់ផ្ទះ Bali United ៥-២។ ជ័យជម្នះនេះបានធ្វើឲ្យវិសាខា មានភាគច្រើនខ្ពស់ជាងគេ ដើម្បីប្រជែងកៅអីជុំបន្ទាប់ នៃពានរង្វាន់ AFC Cup 2022។ ប៉ុន្ដែក៏ត្រូវចាំអ៊ុតលទ្ធផលការប្រកួតជាមួយក្រុម Kedah យប់នេះដែរ ដ្បិតវិសាខាត្រូវការត្រឹមស្មើប៉ុណ្ណោះ ដើម្បីឈានទៅបើកទំព័រប្រវត្តិសាស្ដ្រ ក្លាយជាក្លិបបាល់ទាត់កម្ពុជាដំបូងគេដែលឆ្លងផុតវគ្គចែកពូល៕