(បរទេស)៖ ថ្មីៗនេះប្រភពបានឱ្យដឹងថាក្រុមហ៊ុនផលិតរថយន្ត Tesla បានបិទការិយាល័យរបស់ខ្លួននៅក្នុងទីក្រុង San Mateo រដ្ឋកាលីហ្វ័រញ៉ា ហើយថែមទាំងបញ្ឈប់បុគ្គលិកប្រហែលជាង ២០០នាក់ដែលធ្វើការនៅលើផ្នែកប្រព័ន្ធជំនួយការអ្នកបើកបរ Autopilot នៅទីនោះផងដែរ។ ខណៈការបញ្ឈប់ទាំងនេះត្រូវបានគេមើលឃើញថាទំនងជា ការបង្កើនល្បឿននៃការកាត់បន្ថយចំណាយ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ទាក់ទិននឹងបញ្ហានេះ កាលពីដើមខែកន្លងទៅក៏ធ្លាប់មានអ្នកចោទសួរនាយកប្រតិបត្តិក្រុមហ៊ុន(CEO) Tesla លោក Elon Musk ដែរ ដោយលោកបានឆ្លើយតបថា លោកមាន«អារម្មណ៍មិនល្អ» អំពីសេដ្ឋកិច្ច ហើយលើសពីនេះទៅទៀតក្រុមហ៊ុនផលិតរថន្តអគ្គីសនីនឹងត្រូវកាត់បន្ថយបុគ្គលិកប្រហែល ១០ភាគរយ។ ក្រោយមកមហាសេដ្ឋីរូបនេះក៏បានបញ្ជាក់ដែរថា ការកាត់បន្ថយ ១០ភាគរយនឹងអនុវត្តចំពោះតែកម្មករដែលមានប្រាក់ខែប៉ុណ្ណោះ ខណៈដែលបុគ្គលិកដែលធ្វើការគិតជាម៉ោងវិញនឹងមិនមានការកាត់បន្ថយនោះឡើយ។

ក្នុងនោះលោកក៏បានបង្ហាញពីការខកចិត្តដ៏ខ្លាំងបំផុតមួយ ដោយនិយាយថា រោងចក្រថ្មីរបស់ក្រុមហ៊ុន Tesla នៅរដ្ឋតិចសាស់ និងទីក្រុងប៊ែកឡាំងគឺជា «ចង្រ្កានប្រាក់ដ៏មហិមា» ឥលូវនេះបានបាត់បង់ប្រាក់ដ៏ទៅរាប់ពានលានដុល្លារឯណោះ។

យ៉ាងណាមិញចំពោះហេតុផលនៃការបិទការិយាល័យនេះត្រូវបានលោក Raj Rajkumar ដែលជាសាស្រ្តាចារ្យផ្នែកវិស្វកម្មអគ្គីនី និងកុំព្យូទ័រនៅសាកលវិទ្យាល័យ Carnegie Mellon និយាយថា «ក្រុមហ៊ុន Tesla ច្បាស់ណាស់គឺកំពុងស្ថិតនៅក្រោមការកាត់បន្ថយចំណាយដ៏សំខាន់បំផុត»។ ដោយកត្តាមួយចំនួន រួមទាំងការកាត់បន្ថយបុគ្គលិកទៀតសោត គឺទំនងជាបង្ហាញថា ត្រីមាសទី២ ឆ្នាំ២០២២ មានផលលំបាកខ្លាំងចំពោះក្រុមហ៊ុន ទាំងនេះក៏ដោយសារតែបញ្ហាការបិទទីក្រុងសៀងហៃ តម្លៃវត្ថុធាតុដើម និងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម។

ទន្ទឹមនឹងនេះមានបុគ្គលិកជាច្រើនដែលបានបង្ហាញការខកចិត្តជាខ្លាំង ក្នុងនោះឃើញមានបុគ្គលិកម្នាក់ឈ្មោះថា លោក Caeser Rosas បានបង្ហោះនៅលើ LinkedIn ថា «ថ្ងៃនេះពិតជាថ្ងៃដ៏ខកចិត្ត មួយណាស់ ខ្លួនខ្ញុំផ្ទាល់ជាមួយនឹងសាខា San Mateo ទាំងមូលនៅ Tesla ទើបតែត្រូវបានបញ្ឈប់ផងដែរ»។

តែយ៉ាងណាចំពោះបញ្ហានេះ Reuters ក៏បានទាក់ទងទៅសុំការអត្ថាធិប្បាយពី Tesla ដែរ ប៉ុន្តែខាងក្រុមហ៊ុនមិនបានឆ្លើយតបចំពោះការស្នើរសុំនោះឡើយ។