(សេអ៊ូល)៖ កីឡាការិនីស្នូកឃើកម្ពុជា ស្រួង ភារី បានសម្រេចក្តីស្រមៃរបស់ខ្លួន ឈ្នះពានកម្រិតពិភពលោក ក្រោមវត្តមានអ្នកមានគុណទាំងពីរនៅប្រទេសកូរ៉េខាងត្បូង ក្រោយពីការទន្ទឹងរង់ចាំអស់រយៈពេល ១០ឆ្នាំមកនេះ ដើម្បីឲ្យអ្នកមានគុណ្យបានមើលការប្រកួតនៅកូរ៉េនេះ។

អ្នកស្រីដែលមានកំណើតនៅខេត្តកំពង់ចាមមួយនេះបានបញ្ជាក់នៅលើគណនី Facebook ផ្ទាល់ខ្លួនថា «ជំរាបសួរបងប្អូនជនរួមជាតិជាទីស្រលាញ់! នាងខ្ញុំបានប្រកួតកីឡាប៊ីយ៉ាការ៉ុម លំដាប់ពិភពលោកនៅក្នុងប្រទេសកូរ៉េ ដោយឈ្នះបានលេខ១ ហើយការ ប្រកួតឧបត្ថម្ភដោយក្រុមហ៊ុន ផឺលូ វ័នវីសឺត រយៈពេលជាង ៧ថ្ងៃក្នុងការប្រកួតនេះ»

នាងថា «អស់រយៈពេលជាង ១០ឆ្នាំដែលកូនស្រីកម្ពុជាម្នាក់នេះ មានក្ដីសុបិនថា នៅថ្ងៃណាមួយ កូននឹងនាំអ្នកមានគុណទាំងពីរឱ្យលោកបានមកមើលការប្រកួតរបស់កូនស្រី ដែលជាការប្រកួតខ្នាតអន្តរជាតិ ដ៏ល្អឥតខ្ចោះនៅទឹកដីប្រទេសកូរ៉េនេះ។ នៅទីបំផុតកូនស្រីកម្ពុជាម្នាក់នេះ អាចធ្វើបានហើយ ក៏នឹកស្មានមិនដល់ថា ក្តីសុបិនក្លាយជាការពិតនៅក្នុងពេលនេះឡេីយ ហើយ ដោយបានយកឈ្នះគ្រប់ការប្រកួតដ៏តឹងតែង ហេីយរន្ធត់ ស្លុតអារម្មណ៍មួយនេះផងដែរ»

មុនឈានដល់ការឈ្នះជើងឯកប្រចាំឆ្នាំ២០២២ នេះដែរ ស្រួង ភាវី បានយកឈ្នះគូប្រជែងដែលជាម្ចាស់ផ្ទះកូរ៉េទាំងពីរ ពោលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដោយមានរង្វាន់ជាទឹកប្រាក់សម្រាប់ជើងឯកបាន ២០លានវ៉ុន។

សូមរំលឹកផងដែរថា នេះគឺជាលើកទី២ ហើយដែល ភាវី ដណ្តើមបានជើងឯកស្នូកឃើកម្រិតពិភពលោក ក្រោយពេលឈ្នះពាននេះលើកដំបូងកាលឆ្នាំ២០២១ កន្លងទៅនៅទឹកដីនៃប្រទេសកូរ៉េនេះដូចគ្នា៕