(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសស្វាគមន៍ចំពោះវត្តមាន សាលារៀនសហគមន៍២១ របស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (Westline Education Group) ខណៈបណ្តាញអប់រំថ្មីមួយនេះ នឹងលេចវត្តមានជាលើកដំបូងចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២តទៅ។

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានបង្កើតបណ្តាញអប់រំថ្មីបន្ថែមទៀតគឺសាលារៀនសហគមន៍២១ ដែលមានបញ្ចូលជំនាញវិជ្ជាជីវៈជាមួយតម្លៃសិក្សាសមរម្យ សម្រាប់ជីវភាពប្រជាជនជាយក្រុង និងបណ្តាខេត្ត ដើម្បីរួមចំណែកចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍជំនាញឌីជីថល សហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍។

អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងថា «ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមស្វាគមន៍និងអបអរសាទរចំពោះការចាប់ផ្ដើមរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡញ អេឌ្យូខេសិន គ្រុប ដែលបានប្រកាសបង្កើតបណ្តាញសាលារៀនថ្មីឈ្មោះថា សាលារៀនសហគមន៍២១ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍសហគ្រិនភាព និងសេដ្ឋកិច្ចសហគមន៍»

លោកបន្តថា គំនិតផ្តួចផ្តើមនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមពីសំណាក់វិស័យឯកជននៅក្នុងការគាំទ្រគោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងការលើកកម្ពស់សហគ្រិនភាពសម្រាប់យុវជន។ តាមស្មារតីនេះ កិច្ចប្រឹងប្រែងរបស់វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក៏ចូលរួមពង្រឹងការអប់រំឌីជីថល សម្រាប់ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាផងដែរ។

ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងអនុវត្តន៍គោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ការអប់រំឌីជីថល និងសហគ្រិនភាពសម្រាប់យុវជនដោយស្វាគមន៍ និងលើកទឹកចិត្តការរៀន បង្រៀន និងការចូលរួមបង្កើតសាលារៀនផ្ដោតលើមុខវិជ្ជា STEM និងសហគ្រិនភាព។ នេះបើតាមលោក រស់ សុវាចា។

សាលារៀនសហគមន៍២១ មានកម្មវិធីអប់រំទូទៅភាសាខ្មែរ ចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតបឋមសិក្សាដោយអនុវត្តតាមប្រព័ន្ធអប់រំជាតិ កម្មវិធីមត្តេយ្យភាសាអង់គ្លេស កម្មវិធីភាសាអង់គ្លេសជំនាញសតវត្សទី២១ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈនៅកម្រិតវិទ្យាល័យក្នុងតម្លៃសមរម្យ ថ្នាក់រៀនមានម៉ាស៊ីនត្រជាក់ អនាម័យល្អ វិន័យល្អ និងសុវត្ថិភាព ព្រមទាំងមានប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្រៅពីកម្មវិធីសិក្សាគោលខាងលើ សាលារៀនមានបញ្ចូលកម្មវិធីបណ្តុះបណ្តលផ្នែកហិរញ្ញវត្ថុ (MoneyTree) ដែលឈានមុខគេនៅអាស៉ីប៉ាស៉ីហ្វិក កម្មវិធីទម្លាប់ល្អទាំង៧ (7 Habits of Highly Effective People) ដែលនាំមកពីសហរដ្ឋអាមេរិក កម្មវិធី STEM កម្មវិធីកុំព្យូទ័រសម្រាប់ថ្នាក់បឋមសិក្សា ការផ្លាស់ប្តូរបទពិសោធន៍សិក្សានៅក្នុង និងក្រៅប្រទេស ការធ្វើទស្សនៈកិច្ចសិក្សា និងបោះជំរុំ ផ្តល់ការវាស់ស្ទង់សមត្ថភាព និងតាមដានការសិក្សាសិស្សជាប្រចាំ ព្រមទាំងមានសិក្ខាសាលាល្អៗសម្រាប់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្ស។

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានពន្យល់ថា «នេះគឺជាបណ្តាញសាលាថ្មីមួយមន្ថែមទៀត ដែលនឹងរៀបចំដំណើរការតាមបណ្តាក្នុងស្រុក ក៏ដូចជាជាយក្រុង ដោយព្យាយាមរៀបចំកម្មវិធីសិក្សាលំនាំដូចបណ្តាញសាលារៀនវេស្ទឡាញន៍ ប៉ុន្តែតម្លៃសិក្សាសមរម្យសម្រាប់ជីវភាពប្រជាជនអាចទទួលយកបាន។ ម៉្យាងទៀត នៅតាមសហគមន៍ស្រុក តំបន់ជាយក្រុងមួយចំនួន ប្រជាជនមិនមានលទ្ធភាពរៀនក្នុងបណ្តាញសាលារៀនវេស្ទឡាញន៍ អញ្ចឹងហើយបានជាយើងមានបេសកកម្មថ្មីមួយ ដោយចង់ឲ្យមានបណ្តាញប្រព័ន្ធអប់រំរបស់យើង ដែលទទួលបានការគាំទ្រនោះ អាចឲ្យប្រជាជនតាមស្រុកទាំងអស់ ក៏ដូចជាតាមតំបន់នៅជាយក្រុង គាត់មានលទ្ធភាពបញ្ចូនកូនៗចូលរៀនបាន»

ចំពោះលក្ខណល្អប្លែកនៃកម្មវិធីសិក្សារបស់សាលារៀនសហគមន៍២១ ខុសពីបណ្តាញសាលារៀនដទៃទៀត ក៏ដូចជាមានបេសកម្មចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ ដោយលោកឧកញ៉ាបានបញ្ជាក់ថា «សម្រាប់រូបខ្ញុំផ្ទាល់និងគណៈនាយកមានទិសដៅមួយច្បាស់លាស់ ដើម្បីកសាងធនធានមនុស្សឲ្យកា្លយជាសហគ្រិនចំណានប្រចាំស្រុក។ សាលារៀនសហគមន៍២១ នឹងដាក់បញ្ចូលកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាប់ពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដើម្បីឲ្យយុវជនមានសមត្ថភាពគ្រប់គ្រាន់ក្លាយជាសហគ្រិនឆ្នើម ឬអ្នកជំនាញបច្ចេកទេសណាមួយពិតប្រាកដ សម្រាប់បម្រើកាងារនៅតាមស្ថាប័ននានាក្នុងប្រទេស និងក្រៅប្រទេស ហើយក៏ជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍នៅថ្ងៃក្រោយ»

សាលារៀនសហគមន៍២១ នឹងបើកដំណើរការសាខាថ្មីរបស់ខ្លួននៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះ នៅតំបន់ក្រាំងធ្នង់ និងតំបន់ព្រែកអញ្ចាញ ហើយចាប់ទទួលចុះឈ្មោះសិស្សចូលរៀនចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ និងមានផ្តល់រង្វាន់លើកទឹកចិត្តជាច្រើនទៀតដូចជា ឯកសណ្ឋាន នាឡិកាឆ្លាតវៃ តុសិក្សា និងកង់ សម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី៨ ខែកក្កដា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមទូរសព្ទលេខ 092 24 31 68 ឬ 071 95 55 837។