(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង បានជូនដំណឹងដល់អតិថិជនថា ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនក្នុងស្រុកផលិតស្រាបៀរ និងភេសជ្ជៈដ៏ធំនៅកម្ពុជា បានបន្តពង្រីកខ្លួនកាន់តែធំ និងចាក់ឬសកាន់តែជ្រៅទៅក្នុងវិស័យផលិតស្រាបៀរជាមួយនឹងការបន្តនាំយកផលិតផលថ្មីៗ និងច្នៃប្រឌិតចូលមកកាន់ទីផ្សារ ដែលថ្មីៗនេះនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខ្មែរ ប៊ែវើរីជីស បានចុះអនុស្សារណៈនៃការយោគយល់គ្នា MOU ក្នុងការនាំយក Craft Beer ដំបូងដែលនឹងមានលក់ផ្តាច់មុខនៅក្នុងភោជនីយដ្ឋាន Mastercraft Microbrewery ក្នុងមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល។

លោកបណ្ឌិត Zvonimir Nemet នាយករោងចក្រក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឲ្យដឹងថា ផលិតផលថ្មី Craft Beer របស់ក្រុមហ៊ុនគឺមានឈ្មោះថា Cambodia Mastercraft ដែលនឹងមានរសជាតិផ្សេងគ្នាជាច្រើនផលិតឡើង ដើម្បីបំពេញតម្រូវការអតិថិជនស្របពេលដែលសន្ទុះនៃការនិយមចូលចិត្តពិសាស្រាបៀរស្រស់បែបនេះនៅក្នុងប្រទេសកម្ពុជាកំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់។

លោកឲ្យដឹងទៀតថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងនាំយកស្រាបៀរ Cambodia Mastercraft ផ្តាច់មុខសម្រាប់ភោជយនីដ្ឋាន Mastercraft Microbrewery ដែលជាកន្លែងល្អបំផុតដើម្បីសម្រាកញុំាអាហារ និងស្រាបៀរស្រស់ ក៏ដូចជាចែករំលែកការសើចសប្បាយ និងបង្កើតពេលវេលាល្អៗសម្រាប់អតិថិជន។

លោកបណ្ឌិត Zvonimir Nemet ឲ្យដឹងថា ភោជនីយដ្ឋាន Mastercraft Microbrewery ក្នុងមណ្ឌលផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាកន្លែងដែលសក្តិសមបំផុតក្នុងការបើកលក់ស្រាបៀរ Craft Beer ដំបូងរបស់ក្រុមហ៊ុនព្រោះមណ្ឌលផ្សារទំនើបមួយនេះស្ថិតចំកណ្តាលទីក្រុងដែលមានអ្នករស់នៅច្រើនកុះករ គួបផ្សំនឹងការកម្សាន្តដ៏សម្បូរបែបមាននៅទីនោះផងដែរ។

លោកបញ្ជាក់ទៀតថា ខ្មែរ ប៊ែវើរីជីស នឹង ខិតខំ ប្រឹងប្រែង ឱ្យ អស់ពី សមត្ថភាព ដើម្បី ផ្តល់ជូន ផលិតផល ដែល ស្របតាម តម្រូវការ របស់ អតិថិជន ឱ្យបាន ពេញលេញ ក៏ដូចជាពង្រីកខ្លួនកាន់តែធំនៅក្នុងវិស័យផលិតស្រាបៀរផងដែរ ។

ជាមួយនឹងរោងចក្រស្តង់ដារអន្តរជាតិដ៏ធំស្គឹមស្គៃលាតសន្ធឹងលើផ្ទៃដីយ៉ាងធំក្នុងខណ្ឌដង្កោ ក្រុមហ៊ុនក្នុងស្រុកដ៏ធំមួយនេះ មានម៉ាកផលិតផលល្បីៗដូចជា ស្រាបៀរ កម្ពុជា ភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលទទួលបានការគាំទ្រខ្លាំងពេញទីផ្សារ។

ចំពោះវិស័យស្រាបៀរវិញ ក្រុមហ៊ុនដែលឈានមុខគេក្នុងការច្នៃប្រឌិត និងរិះរកផលិតផលថ្មីៗមួយនេះ បានបន្តពង្រីកផលិតផលជាហូរហែទាំងប្រភេទកំប៉ុង និងដបដើម្បីបំពេញតម្រូវការអតិថិជន។

ខ្មែរ ប៊ែវើរីជីស បានផលិតស្រាបៀរ កម្ពុជាដំបូងនៅឆ្នាំ ២០១១ រួចដល់ឆ្នាំ២០១៩ ក្រុមហ៊ុនក៏បានប្តូរសំបកកំប៉ុងវេចខ្ចប់ថ្មីយ៉ាងទាក់ទាញផ្តល់នូវអារម្មណ៍ប្លែកដល់អតិថិជន។ មិនត្រឹមតែប៉ុណ្ណោះ នៅខែមិថុនា ឆ្នាំ២០២១ ក្រុមហ៊ុនក៏បានប្តូររូបរាងដបថ្មីនៃស្រាបៀរ កម្ពុជាយ៉ាងល្អប្រណិតបំផុតដោយទទួលបានការសរសើរជាខ្លាំងពីអតិថិជនទោះស្ថិតក្នុងសម័យកូវីដ១៩ក៏ដោយ។

នៅដើមឆ្នាំ២០២២នេះ ក្រុមហ៊ុនបានផលិតស្រាបៀរ កម្ពុជា ព្រីមៀម ដ្រាហ្វច្រកដបដំបូងបំផុតដោយប្រើបច្ចេកវិទ្យាមិនធ្លាប់មាននៅកម្ពុជាហៅថា Flash Pasteurization ហើយទទួលបានការពេញចិត្តពីអតិថិជនជាខ្លាំងជាមួយនឹងរសជាតិស្រស់បំផុត និងលក្ខណៈពិសេសជាច្រើនដែលមិនធ្លាប់មានពីមុនមក៕