(សៀមរាប)៖ ច្រើនលើកមកហើយដែលអ្នកជំនាញអាជ្ញាធរជាតិអប្សរា និងក្រុមការងារជួសជុលបានជួបប្រទះបុរាណវត្ថុនានាក្នុងពេលជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ ខណៈក្នុងពេលថ្មីៗនេះ គេក៏បានប្រទះឃើញថ្មក្បាច់ម្យ៉ាងដែលទើរនៅម្ដុំកំពូលខ្លោងទ្វារតាកាវនោះ ក្នុងពេលរុះរើផ្នែកខាងលើនៃរចនាសម្ពន្ធសំណង់ខ្លោងទ្វារតាកាវ។

ថ្មភក់នេះត្រូវបានអ្នកជំនាញបុរាណវត្ថុបញ្ជាក់ថាជា «ថ្មបញ្ចុះសីមា» ដោយវាមានរាងការ៉េបួនជ្រុង ដោយមួយជ្រុងៗប្រវែង៥៣សង់ទីម៉ែត្រ និងកម្រាស់១២សង់ទីម៉ែត្រ។ នៅលើថ្មបញ្ចុះ គឺមានរន្ធរាងមូលធំមួយនៅចំកណ្តាលនៃផ្ទៃថ្ម ព័ទ្ធជុំវិញដោយរន្ធតូចៗចេញជារាងបួនជ្រុងស្មើនៅតាមទិសទាំង៨ និងនៅជ្រុងឦសានដែលជាទិសសំខាន់នៅក្នុងជំនឿខ្មែរតាំងពីបុរាណកាលរហូតដល់បច្ចុប្បន្ន ត្រូវបានគេដាប់រន្ធបួនជ្រុងបន្ថែមមួយទៀតនៅចន្លោះរន្ធមូលកណ្តាល និងរន្ធបួនជ្រុងនៅទិសឦសាន។ រន្ធទាំងអស់ព័ទ្ធពីក្រៅដោយទ្រនុងថ្មភក់ ដែលជញ្ជាំងនេះត្រូវបានកាត់ផ្តាច់ចេញជា៤ជ្រុងដោយចង្អូរនៅតាមអ័ក្សសំខាន់ទាំងបួន។ នៅពីលើផ្នែកខ្ពស់មានរន្ធតូចៗរាងបួនជ្រុងចំនួន៣៤ ដែលគេដាប់រាក់ល្មមចំនួន១០នៅជ្រុងឦសាន ៩នៅជ្រុងអាគ្នេយ៍ ៧នៅជ្រុងនិរតី និង៨នៅជ្រុងពាយ័ព្យ។

លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ថ្មបញ្ចុះសីមាភាគច្រើនប្រទះឃើញនៅកណ្ដាលបាតប្រាសាទ ប៉ុន្តែវាច្រើនមានកម្រាស់ក្រាស់ និងដោយនៅផ្នែកខាងលើកំពូលគឺស្ដើងដូចថ្មដែលបានរកឃើញ។

លោកបានប្រៀបធៀបជំនឿ និងទំនៀមទម្លាប់នៃការបញ្ចុះថ្មសីមាទៅនឹងសំណង់ផ្ទះលំនៅដ្ឋានខ្មែរជាមួយនឹងការចងក្រណាត់ពណ៌ក្រហម ឬយ័ន្តនៅចំកណ្តាលមេដំបូលដែលទើបតែសាងសង់ថ្មីដើម្បីការពារផ្ទះផងដែរ។ លោកបន្តថា ថ្មបញ្ចុះ ដែលរកឃើញនៅពេលជួសជុលនោះ កាលដើមឡើយត្រូវបានបញ្ចុះនៅលើកំពូលប្រាង្គកណ្តាល ប៉ុន្តែវាបានរលុះធ្លាក់មកទើរនៅពាក់កណ្តាលនៃខ្លោងទ្វារ។

ក្រៅពីការបញ្ចុះថ្មដែលមានរន្ធច្រើននៅកំពូលប្រាសាទ គេបានឃើញថ្មបញ្ចុះស្រដៀងគ្នានៅក្នុងគ្រឹះប្រាសាទមួយចំនួននៅតំបន់អង្គរ។ ការបញ្ចុះថ្មទាំងអស់ មិនថាតែនៅក្នុងគ្រឹះ និងលើកំពូលប្រាសាទទេ គឺដើម្បីធ្វើឱ្យសំណង់ដែលកំពុងសាងសង់មានភាពរឹងមាំ ព្រមទាំងនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើនដល់សំណង់

គួរជម្រាបដែរថា ថ្មបញ្ចុះគឺជាពាក្យដែលប្រជាជនខ្មែរប្រើក្នុងពេលបច្ចុប្បន្ន តែពាក្យដែលប្រើដើម្បីហៅថ្មសម្រាប់បញ្ចុះឱ្យបានត្រឹមត្រូវតាមក្បួនបុរាណ ហាក់ដូចជាមិនទាន់ប្រទះឃើញសរសេរនៅក្នុងឯកសារណាមួយនៅឡើយ។

លោក គឹម សុធិន បានលើកឡើងទាក់ទងនឹងរន្ធនៅលើថ្មបញ្ចុះវិញថា រន្ធតូចៗប្រើសម្រាប់ដាក់ «សន្លឹកមាសស្ដើង» ហើយរន្ធមួយធំនៅចំកណ្ដាលប្រើសម្រាប់ដាក់ «បង្គោលត្រីសូល៍» ដូចឃើញមាននៅចម្លាក់ប្រាសាទបាយ័ន្តស្រាប់។ លោកពិនិត្យឃើញថា កំពូលប្រាសាទបាយ័ន្តបានបាត់ត្រឹមផ្កាឈូក និងមានសេសសល់ថ្មខ្លះៗដែលជាទម្រឫសសីមា។ អ្នកជំនាញបុរាណវត្ថុរូបនេះបានកត់សម្គាល់ថា ការបាត់បង់វត្ថុបុរាណទាំងនោះគឺបណ្ដាលមកពីការរុះរើដោយមនុស្សដែលរករបស់មានតម្លៃ។

ទោះជាយ៉ាងណាស ក្រុមការងារបានលើកយកថ្មបញ្ចុះទៅដាក់នៅលើកំពូលប្រាង្គកណ្តាលនៃខ្លោងទ្វារតាកាវវិញ ក្រោយពីបានពង្រឹងកន្លែងពុកផុយ និងជួសជុលកន្លែងប្រេះបែករួចរាល់។

ការរកឃើញថ្មបញ្ចុះនៅកំពូលប្រាសាទនេះមិនមែនជាលើកដំបូងទេនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក-អង្គរ ព្រោះកាលពីពេលកន្លងមក គេធ្លាប់បានរកឃើញថ្មបញ្ចុះដែលមានទម្រង់ផ្សេង ដែលវិវឌ្ឍទៅតាមសម័យកាលនៅប្រាសាទដំរីក្រាប លើភ្នំគូលែន ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយក្តី និងប្រាសាទទន្លេស្ងួតជាដើម។ បច្ចុប្បន្ន គេក៏បានលើកយកថ្មបញ្ចុះទៅដាក់នៅលើកំពូលប្រាង្គកណ្តាលនៃខ្លោងទ្វារតាកាវវិញ ក្រោយពីបានពង្រឹងកន្លែងពុកផុយ និងជួសជុលកន្លែងប្រេះបែករួចរាល់៕