(ភ្នំពេញ)៖ សិស្សសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ចំនួន១២៣នាក់ មានកិត្តិយស និងបានទទួលសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិអន្តរជាតិ ពីលោក យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាខាសែនសុខ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤។

ឆ្នាំសិក្សា២០២១-២០២២ គឺជាឆ្នាំសិក្សាដំបូង ដែលសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ អាចប្រារព្ធពិធីប្រគល់សញ្ញាបត្រដោយផ្ទាល់ជាមួយគ្នា បន្ទាប់ពីអាក់ខានអស់រយៈពេលជិត៣ឆ្នាំ ដោយសារការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩។

ឧកញ៉ាបណ្ឌិត ត្រាំង លី ប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គូសបញ្ជាក់ពីលទ្ធផលសិក្សា ក្នុងពិធីប្រគល់សញ្ញាបត្រថា ៩០% នៃសិស្សានុសិស្ស ដែលបានបញ្ចប់ការសិក្សាកម្រិត មធ្យមសិក្សាទុតិយភូមិ ពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បាននិងកំពុងបន្តការសិក្សា នៅបរទេសរួមមាន សហរដ្ឋអាមេរិក កាណាដា ចក្រភពអង់គ្លេស អូស្រ្តាលី និងនូវែលហ្សេឡង់ជាដើម។

ជាងនេះទៀត សិស្សមួយចំនួន ក៏ទទួលបានអាហារូបករណ៍ ទៅសិក្សានៅសាកលវិទ្យាល័យល្បីៗនានា ដូចជា University of California Berkley សាលាបណ្ឌិតសភាទ័ពអាកាសអាមេរិក និងសាលាបណ្ឌិតសភាយោធាអាមេរិក West Point ផងដែរ។

លោក ម៉ាក ផាកឃិនសុន នាយកប្រតិបត្តិ សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ក៏សង្កត់ធ្ងន់ផងដែរថា «សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ពិតជាមានមោទនភាពជាខ្លាំង ដែលបានប្រារព្ធពិធីបញ្ចប់ ការសិក្សាដ៏ធំបំផុត មិនធ្លាប់មានបែបនេះ»

លោកបន្ដថា នាពេលខាងមុខ សិស្សានុសិស្សរបស់យើង ក៏កាន់តែមានចំនួនច្រើនឡើងៗ ដោយសារតែយើងបានប្តេជ្ញា ក្នុងការផ្តល់ជូននូវការអប់រំ ប្រកបដោយគុណភាពខ្ពស់បំផុត ដែលនឹងបណ្តុះបាននូវ ធនធានមនុស្ស «ដែលប្រព្រឹត្ដតែទង្វើល្អ» កាន់តែច្រើនឡើងសម្រាប់ពិភពលោកយើងនេះ។

ក្នុងពិធីនេះ លោក យក់ ង៉ុយ ក៏បានផ្តល់នូវអនុសាសន៍ និងការកោតសរសើរ ចំពោះសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ដែលបានចូលរួម ជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់គុណភាពអប់រំ បើទោះបីប្រឈមនឹងការរីករាលដាល ជាសកលនៃជំងឺកូវីដ១៩។

លទ្ធផលជាផ្លែផ្កាដ៏ត្រចះត្រចង់ ដែលយើងទទួលបាននៅថ្ងៃនេះ គឺឆ្លុះបញ្ចាំងពីភាពជាដៃគូរដែលមិនអាចខ្វះ បានរវាងសាលា និងមាតាបិតា ឬអ្នកអាណាព្យាបាល និងក្រសួងសាមី ហើយគឺជារង្វាស់ ពីគុណភាពនៃការ អប់រំនៅសាលាអន្តរជាតិ CIA First International School ដូចមានចែងក្នុងទស្សនៈវិស័យ របស់សាលាតាំងពីដើមរៀងមក គឺផ្តល់បរិស្ថាននៃការបង្រៀន ដែលលើកកម្ពស់ដល់ការអប់រំ កម្រិតខ្ពស់ជា លក្ខណៈអន្តរជាតិទាំងខ្មែរ និងអង់គ្លេស។

ក្នុងន័យនេះ សាលាមានផ្តល់ជូនកម្មវិធីសិក្សាចំនួន២គឺ កម្មវិធីសិក្សាជាតិ ដែលទទួលស្គាល់គុណភាពអប់រំ ដោយក្រសួងអប់រំ យុវជន និងកីឡា និងកម្មវិធីសិក្សាអន្តរជាតិ ដែលទទួលស្គាល់គុណភាព អប់រំកម្រិតស្តង់ដារ អន្តរជាតិដោយគណៈកម្មការវាយតម្លៃ និងទទួលស្គាល់គុណភាពអប់រំអន្តរជាតិ ដែលហៅកាត់ថា WASC (Western Association for School and Colleges)។

គួរបញ្ជាក់ផងដែរថា សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ជាមួយសិស្សត្រឹម តែ៧នាក់តែប៉ុណ្ណោះ ប៉ុន្តែឥលូវចំនួនសិស្សកើនដល់៣,៩០០នាក់។ បច្ចុប្បន្ន សាលាមានទីតាំងចំនួនបីគឺ ទីតាំងទី១ ស្ថិតនៅបណ្តោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ, ទីតាំងទី២ ស្ថិតនៅតាមបណ្តោយ ផ្លូវឌួងងៀប សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និងទីតាំងទី៣ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ៕