(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់នៃក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការស្នើឲ្យគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសចូលរួមអនុវត្ដទិសដៅ ៧ចំណុច ដើម្បីចូលរួម និងពន្លឿនការអភិវឌ្ឍវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន។ នេះបើតាមការបញ្ជាក់របស់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបិទការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៣ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។

អនុរដ្ឋលេខាធិការខាងលើបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំនេះ ដោយទទួលបានការគាំទ្រ ការចូលរួម និងរៀបចំការប្រកួតដោយជោគជ័យ ពិសេសមានប្រតិភូ និងកីឡាករ-កីឡាការិនីជាសិស្ស-និស្សិតជាច្រើនចូលរួម ដែលស្របទៅនឹងកំណែទម្រង់លើការប្រកួតគ្រប់កម្រិតរបស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

តែដើម្បីចូលរួមជាមួយគោលដៅ នៃការពន្លឿនការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនី ដែលនិស្សិតឲ្យឆ្លើយតបនឹងផែនការអភិវឌ្ឍវិស័យកីឡារបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល សម្រាប់ថ្ងៃអនាគត ក្នុងនាមក្រសួង លោកបានស្នើគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាទាំងអស់ ត្រូវចូលរួមអនុវត្តទិសដៅ ៧ចំណុច រួមមាន៖

១៖ ពង្រឹង និងពង្រីកសមាគមកីឡាសិស្ស និងសមាគមកីឡានិស្សិត តាមគ្រឹះស្ថានសិក្សា ចូលជាសមាជិកសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជា ឲ្យបានកាន់តែច្រើនបន្ថែមទៀត។
២៖ ស្នើគ្រឹះស្ថានឧត្តមសិក្សាយកចិត្តទុកដាក់ និងជំរុញសមាគមកីឡាសិស្ស សមាគមកីឡានិស្សិត ធ្វើសកម្មភាពហាត់ហ្វឹកហ្វឺនកីឡាក្រៅម៉ោងសិក្សា និងការប្រកួតកីឡាឲ្យបានផុលផុសឆ្លើយតបទៅនឹងគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។
៣៖ ស្នើគ្រឹះស្ថានឧត្តមសិក្សា ពង្រឹងការជ្រើសរើសកីឡាករ កីឡាការិនី ទៅចូលរួមការប្រកួតកីឡា សិស្ស និងនិស្សិត ឲ្យបានសមស្របតាមគោលការណ៍បច្ចេកទេស។
៤៖ សហការជាមួយសហព័ន្ធកីឡាជាតិ បើកវគ្គបណ្តុះបណ្តាលមន្ត្រីជំនាញនៅតាមគ្រឹះស្ថាន។
៥៖ កៀរគរសប្បុរសជន និងដៃគូឯកជន ចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពកីឡាសិស្ស និងនិស្សិត។
៦៖ ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការប្រកួតកីឡាសិស្ស និងនិស្សិតថ្នាក់ជាតិ។
៧៖ លើកទឹកចិត្តដល់គ្រឹះស្ថានសិក្សាដែលធ្វើសកម្មភាពកីឡាសកម្ម និងជ្រើសរើសគ្រឹះស្ថានសិក្សាឆ្នើមឲ្យ ទៅចូលរួមការប្រកួតកីឡាសិស្ស និសិ្សត ជាលក្ខណៈអន្តរជាតិ។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសវិញ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាបានបញ្ជាក់ថា ការប្រកួត ដែលចាប់ផ្ដើមតាំងពីថ្ងៃទី២១ ខែមិថុនានេះ មានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ១,៤៤៣នាក់ មកពីមានគ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសសរុបចំនួន៣៨ ដែលប្រកួតលើ ១២ប្រភេទកីឡា ស្មើនឹង ៨៨វិញ្ញាសា។

ជាលទ្ធផលការប្រកួតជាង ១សប្ដាហ៍កន្លងទៅ ក្រុមដណ្ដើមបានមេដាយច្រើនជាងគេរួមមាន៖ សាលាអាស៊ីអឺរ៉ុប ឈ្នះមេដាយសរុប ៣០គ្រឿង (មាស ២២, ប្រាក់ ៦ និងសំរឹទ្ធ ២), វិទ្យាស្ថានខេមអេដ ឈ្នះមេដាយសរុប ៣៤គ្រឿង (មាស ៩, ប្រាក់ ៩ និងសំរឹទ្ធ ១៦) និងសាលាវេស្ទើន ឈ្នះមេដាយសរុប ១៧គ្រឿង (មាស ៨, ប្រាក់ ៥ និងសំរឹទ្ធ ៤)៕