(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ប្រៃសណីយ៍កម្ពុជា បានបើកសម្ពោធទីតាំងថ្មីសាខាបឹងព្រលិតជាផ្លូវការ។

ជាមួយសាខាថ្មីនេះប្រៃសណីយ៍កម្ពុជា បានបន្ថែមនូវសេវាកម្មជាច្រើនប្រភេទ ដើម្បីបម្រើសេវាកម្មជូនដល់អតិថិជន បូករួមជាមួយការប្ដេជ្ញាចិត្តបម្រើសេវាកម្ម ប្រកបដោយគុណភាព។

ការបើកសម្ពោធជាផ្លូវការនេះ ធ្វើឡើងក្រោមការចូលរួមពីលោក ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលប្រៃសណីយ៍កម្ពុជា, លោក ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា, លោក ជួន សុកាន់ណារិទ្ធ អគ្គនាយកទូរគមនាគមន៍កម្ពុជា,និងអ្នកចូលរួមជាច្រើនរូបទៀត។

លោក ម៉ម អំណត់ បង្ហាញពីការអបអរសារទរ ចំពោះការបើកដំណើរការជាផ្លូវការ នូវទីតាំងសាខាបឹងព្រលឹតនេះ ជាមួយក្ដីសង្ឃឹមថានឹងមានអតិថិជនកាន់តែច្រើន ចូលមកទទួលសេវាកម្មផងដែរ។

លោក ជួន សុកាន់ណារិទ្ធ បានថ្លែងអបអរសារទរ ចំពោះការបើកសម្ពោធន៍ជាផ្លូវការនូវសាខាថ្មីនេះ។ សម្រាប់សាខាថ្មីនេះបានចូលរួម ប្រកួតប្រជែងលើទីផ្សារ ដូចបណ្ដាក្រុមហ៊ុនដទៃទៀតដូច្នេះដែរ ព្រមជាមួយសេវាកម្មយ៉ាងល្អពិសេស ជូនដល់អតិថិជនផងដែរ។

លោកបានបន្ដថា សម្រាប់សាខាថ្មីនេះនឹងបន្ថែមការទាក់ទាញអតិថិជន ឲ្យមកទទួលនូវសេវាកម្មពីប្រៃសណីយ៍កម្ពុជា កាន់តែច្រើនបន្ថែមទៀត។

លោក ថេន សំវិសុទ្ធ បានថ្លែងថា ចំពោះសាខាបឹងព្រលិតនេះមែនទែនទៅ មានតាំងពីយូរណាស់មកហើយ ប៉ុន្ដែប្រៃសណីយ៍បានបន្ថែម នូវការរៀបចំឲ្យកាន់តែល្អប្រសើរជាងនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនក្នុងការមកទទួលសេវាកម្មផ្សេងៗ។

លោកបានបញ្ជាក់ថា សម្រាប់សាខាបឹងព្រលិតនេះមានបម្រើសេវាកម្មជាច្រើនប្រភេទ បញ្ញើប្រៃសណីយ៍ក្រៅប្រទេស, បញ្ញើប្រៃសណីយ៍ឆាប់រហ័សក្នុងប្រទេស និងគ្រប់ខេត្ត-ក្រុង, សេវាចែកខិតបណ្ណ និងលិខិតផ្សាយពាណិជ្ជកម្មផ្សេងៗ, សេវាជួលរថយន្ដទេសចរណ៍ និងសេវាដឹកអ្នកដំណើរជាដើម។

លោកបានបន្ដថា «ប្រៃសណីយ៍កម្ពុជានឹងប្ដេជ្ញាខ្ពស់ ក្នុងការបម្រើសេវាកម្មជូនអតិថិជន ប្រកបដោយគុណភាព និងទំនួលខុសត្រូវ។ ប្រៃសណីយ៍កម្ពុជាមានសាខាគ្រប់ខេត្តក្រុងនៅកម្ពុជា អតិថិជនអាចផ្ដល់ទំនុកចិត្ត មកកាន់ប្រៃសណីយ៍កម្ពុជាបាន ដោយប្រៃសណីយ៍កម្ពុជា ផ្ដោតជាចម្បងនូវសុវត្ថិភាព, គុណភាពសេវាកម្ម, រក្សាការសម្ងាត់របស់អតិថិជន, បញ្ញើឆាប់រហ័ស, តម្លៃសមរម្យ និងមានទំនួលខុសត្រូវខ្ពស់»