(បរទេស)៖ ទូរស័ព្ទរបស់ Nokia ដែលអ្នកគាំទ្រទន្ទឹងរង់ចាំអស់រយៈពេលជាយូរ ពេលនេះក្រុមហ៊ុនផលិតទូរស័ព្ទដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោក សម្រេចបង្ហើបពីមុខងារពិសសេសៗមួយចំនួនហើយ។ ដោយឡែកកាលពីខែកុម្ភៈកន្លងទៅ Nokia បានដាក់បង្ហាញត្រកូល G11 ដូច្នេះម៉ូដែលបន្ទាប់គឺ G11 Plus ហ្នឹងឯង។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

តាមការបញ្ជាក់របស់ក្រុមហ៊ុន ត្រកូល Nokia G11 Plus នេះនឹងមកជាមួយនឹងលក្ខណៈពិសេសៗជាច្រើន រួមមានការផ្តល់ជូននូវអេក្រង់ទំហំ ៦.៥អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ HD+ (720 x 1.600 ភីកសែល) និងការគាំទ្រ Refresh Rate 90 Hz ជាមួយនឹង Notch សម្រាប់ការមេរ៉ា Selfie ទំហំ 8MP (មេហ្គាភីកសែល)។ ចំណែកកាមេរ៉ាក្រោយវិញមានទំហំ 50MP ព័ទ្ធជុំវិញដោយរាងចតុកោណ, ភ្ជាប់ដោយឯកតាជំនួយ 2MP និងអំពូល LED។ រីឯផ្នែកខាងក្រោយវិញមានរាងឆ្នូតៗ ងាយស្រួលក្នុងកាលចាប់កាន់ និងមិនបារម្មចំពោះការរអិលធ្លាក់ ហើយកាន់តែពិសេសទៀតនោះទូរស័ព្ទនេះក៏ភ្ជាប់មកជាមួយស្កេនក្រយៅដៃដោះសោរផងដែរ។

មួយវិញទៀតទូរស័ព្ទនេះនឹងមកជាមួយនឹង RAM 4GB និង Storage 64GB ដែលអាចបន្ថែមបានរហូតដល់ទៅ 512GB បន្ថែមទៀតតាមរយៈ microSD ផងដែរ។ លើសពីនេះទៅទៀត G11 Plus នឹងមានការធានាជូនសម្រាប់ការអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android OS រយៈពេល ២ឆ្នាំ និងការអាប់ដេតទៅលើផ្នែកសុវត្ថិភាព (Security) ប្រចាំខែចំនួន ៣ឆ្នាំឯណោះ ដែលនេះគឺជាការផ្តល់ជូនដ៏ធំបំផុតមួយសម្រាប់ក្រុមហ៊ុនដែលមានវ័យចំណាស់នេះ។ ខណៈដែល Nokia មិនបានបញ្ជាក់ថា G11 Plus និងដំណើរការទៅលើ Android ណានោះទេ តែត្រូវគេរំពឹងថាវាគួរតែជា Android 12 ហ្នឹងឯង។

មុខងារដែលកាន់តែពិសេសទៅទៀតនោះថាមពលថ្មរបស់ Nokia G11 Plus ដោយធ្វើការតែសាកថ្មមួយពេញអាចប្រើបានរហូតដល់ទៅ ៣ថ្ងៃឯណោះ។ ប៉ុន្តែគេមិនបានបញ្ជាក់ពីទំហំថ្មទេ តែយ៉ាងណាក៏ដោយ ត្រូវបានគេរំពឹងថាវានឹងទទួលបានទំហំថ្មធំ ឬក៏ស្រដៀងទៅនឹងម៉ូដែល G11 ដែល ក៏ដោយសារតែម៉ូដែលនេះមានថាមពលដល់ទៅ 5,050 mAh។ ហើយលើសពីនេះទៅទៀត Nokia G11 Plus មានរន្ធដោតកាសទំហំ 3.5mm និងរន្ធសាកថ្មជាប្រភេទ USB-C អមជាមួយជម្រើស ២ពណ៌គឺ Lake Blue និង Charcoal Grey។

គួរជម្រាបដែរថា ចំពោះតម្លៃ និងវត្តមានរបស់ Nokia G11 Plus នៅមិនទាន់មានការបញ្ជាក់នោះឡើយ ដូច្នេះមានតែរង់ចាំការដាក់លក់ជាផ្លូវការប៉ុណ្ណោះ៕