(បរទេស)៖ បន្ទាប់ពីរឿង «James Bond: No Time To Die» ចាក់បញ្ចាំងរួចរាល់ក្នុងរោងកុននោះ នៅពេលនេះផលិតកររឿងនេះបានបង្ហើបថា សម្រាប់រឿង Jame Bond វគ្គបន្ទាប់ ដែលជារឿងទី២៦នោះ ទំនងជាមិនបានចាក់បញ្ចាំង ក្នុងរោងកុនឲ្យបានមុនឆ្នាំ២០២៥នោះទេ ព្រោះមិនទាន់ជ្រើសរើសតួសម្តែងបានស័ក្តិសមនៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The guardian នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងពិធីជប់លៀងមួយនាពេលថ្មីៗនេះ កូនស្រីរបស់ផលិតករ Cubby Broccoli បាននិយាយថា ពួកគេមិនទាន់ជ្រើសរើសតួសម្តែងដែលសមនឹងជំនួស លោក Daniel Craig បាននៅឡើយទេ។ នាងបាននិយាយទៅកាន់អ្នកយកព័ត៌មានរបស់ Deadline ថា រហូតមកទល់ពេលនេះមិនទាន់មាន Script ឡើយ ហើយក្រុមការងារក៏មិនទាន់ដឹងថា ផលិតរឿងបន្ទាប់ដោយរបៀបណាដែរ បានន័យថា ត្រូវបង្កើតតួអង្គ Bond ថ្មី ព្រោះថាតួអង្គលោក Daniel Craig ត្រូវបានបញ្ចប់ហើយ ត្រឹមរឿងចុងក្រោយរបស់លោក James Bond: No Time To Die។

គួរជម្រាបថា តារាសម្តែង Daniel Craig បានប្រើប្រាស់ពេលវេលាប្រមាណ១៥ឆ្នាំមកហើយ ក្នុងការសម្តែងជាតួអង្គមេបញ្ជាការ តាមរយៈការដើរតួជាតួអង្គ James Bond ដោយភាពយន្តដំបូង គឺមានចំណងជើងថា «Casino Royale» ចេញឆ្នាំ២០០៦ នៃការដើរតួជា James Bond របស់លោក ខណៈរឿង «No Time To Die» ជាការវិលត្រឡប់មកវិញ របស់តារាសម្ដែង Daniel Craig (ដានីញ៉ែល ក្រេក) ក្នុងនាមជាភ្នាក់ងារសម្ងាត់អង់គ្លេសជាលើកទី៥ ហើយក៏ជាលើកចុងក្រោយរបស់លោកផងដែរ៕