(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ធនាគារ ជីប ម៉ុង ក៏ដូចជាក្រុមហ៊ុន ជីប ម៉ុង ទាំងមូលតែងតែចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្ដល់ជំនួយដល់សង្គមកម្ពុជា។

ភាគទុនិករបស់ធនាគារ ជីប ម៉ុង អ្នកឧកញ៉ា លាង ឃុន បានថ្លែងថា «យើងមិនត្រឹមតែអភិវឌ្ឍពាណិជ្ជកម្មរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមបរិច្ចាគត្រឡប់ទៅសង្គមវិញ ជាមួយនឹងវិស័យជាច្រើន ជាពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាធ្វើកិច្ចសហប្រតិបត្តិការនានាផងដែរ»

ឆ្នាំ២០២២ ភាគទុនិករបស់ធនាគារ ជីប ម៉ុង បានបរិច្ចាគ និងផ្ដល់ជំនួលើវិស័យផ្សេងៗទូទាំងប្រទេស ជាក់ស្ដែងភាគទុនិករបស់ធនាគារបានប្រគល់ថវិកាមួយលានដុល្លារអាមេរិកសម្រាប់រយៈពេលប្រាំឆ្នាំ ដើម្បីរួមចំណែកជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) សម្រាប់ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្រីក្រ ព្រមជាមួយការឧបត្ថម្ភថវិកាជូនកាកបាទក្រហមកម្ពុជា ជារៀងរាល់ឆ្នាំ ដើម្បីជាជំនួយមនុស្សធម៌ដល់ជនរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ។

បន្ថែមពីនោះ ភាគទុនិករបស់ធនាគារ ជីប ម៉ុង ក៏បានផ្តល់អាហាររូបករណ៍រយៈពេល៤ឆ្នាំដល់និស្សិត៤០នាក់ ដើម្បីសិក្សាលើមុខជំនាញស្ទែមនៅសាកលវិទ្យាល័យខេមតិចផងដែរ។

គួរបញ្ជាក់ផងដែរថា ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយផ្នែករបស់ក្រុមហ៊ុន ជីប ម៉ុង បង្កើតឡើងក្នុងឆ្នាំ ១៩៨២ ដែលជាក្រុមហ៊ុនចម្រុះដ៏ធំបំផុតមួយក្នុងប្រទេសកម្ពុជា៕