(បាលី)៖ ក្រុមវិសាខា មិនអាចបង្កើតកំណត់ត្រាថ្មី ក្នុងនាមក្លិបបាល់ទាត់កម្ពុជាដំបូង ដែលឡើងវគ្គ Knockout នៃពានរង្វាន់ក្លិបបាល់ទាត់ជើងឯកអាស៊ី AFC Cup 2022 បានឡើយ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុម Kedah Darul Aman របស់ម៉ាឡេស៊ី ដោយលទ្ធផល ៥-១ ក្នុងជំនួបបញ្ចប់ពូល G នៅរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ ។

ខុសកាលពី ២ប្រកួតមុន សម្រាប់ជំនួបដ៏សំខាន់នេះ វិសាខា បានរកគ្រាប់បាល់នាំមុខគូប្រកួតមុន ដែលតែតបញ្ចូលទីដោយខ្សែការពារ Khan Mohammed Faeez នៅនាទីទី២០ ។ ប៉ុន្ដែក្រោយមក Kedah បានវាយបក ៥គ្រាប់វិញ ដោយកីឡាករ Mahmoud Nayef Almardi ៣គ្រាប់ រួមជាមួយកីឡាករ Fayadh និងមិត្តរួមក្រុម Azammuddin ម្នាក់ ១គ្រាប់ ដែលធ្វើឲ្យក្រុមខ្លួនឡើងឈរកំពូលតារាងតែម្ដង ។

គួរដឹងថា ក្នុងពូល G វិសាខា រួមជាមួយ Kedah និង Bali United គឺរកបាន ៦ពិន្ទុស្មើគ្នា តែក្រុមរបស់ម៉ាឡេស៊ី Kedah មានគ្រាប់ចំណេញច្រើនជាងគេ ធ្វើឲ្យពូកគេឈរកំពូលតារាង និងឡើងជុំបន្ដ ។ រីឯវិសាខា បានត្រឹមឈរលេខ២ ហើយបើប្រៀបធៀបក្រុមលេខ២ ល្អជាងគេ ក្រុមតំណាងកម្ពុជានេះ មានតែ ៣ពិន្ទុប៉ុណ្ណោះ ដោយមិនគិតលទ្ធផលប្រកួតជាមួយក្រុមលេខ៤ (Kaya FC) ក្នុងពូល ។ ដូច្នេះក្រុមលេខ២ ល្អជាងគេប្រចាំតំបន់អាស៊ាន ដែលបានឡើងវគ្គ Knockout គឺបានទៅក្រុម Kuala Lumpur របស់ម៉ាឡេស៊ី ដែលរកបាន ៤ពិន្ទុ ក្នុងពូល H ៕