(ឡុងដ៍)៖ កីឡាករតេន្នីសសញ្ជាតិអេស្ប៉ាញ Roberto Bautista Agut បានលើកឡើងនៅថ្ងៃព្រហស្បតិ៍ថា លោកបានដកខ្លួនចេញពីការប្រកួតព្រឹត្តិការណ៍ Wimbledon បន្ទាប់ពីរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដោយបានក្លាយជាកីឡាករលំដាប់ខ្ពស់ទី៣ ផ្នែកបុរសដែលត្រូវបានដកខ្លួនចេញពីព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ជើងឯកនេះ បន្ទាប់ពីឆ្លងជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

កីឡាករសញ្ជាតិក្រូអាត Marin Cilic ដែលជាអតីតម្ចាស់ពានរង្វាន់ជើងឯក US Open និងជើងឯករងពានរង្វាន់ Wimbledon ឆ្នាំ២០១៧ និងកីឡាករលំដាប់ទី៨ ពិភពលោក Matteo Berrettini ដែលបានចាញ់កីឡាករ Novak Djokovic ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Wimbledon កាលពីឆ្នាំ២០២១ នោះ កាលពីពេលថ្មីៗក៏បានដកខ្លួនចេញពីការប្រកួតនៅទីលានវាលស្មៅនេះ បន្ទាប់ពីវិជ្ជមានកូវីដ-១៩ ដូចគ្នា។

កីឡាករ Bautista Agut ដែលជាអតីតកីឡាករតេន្នីសលំដាប់ទី៩ នៅលើពិភពលោក ហើយបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី១៧ រូបនេះត្រូវប៉ះកីឡាករ Daniel Elahi Galan សញ្ជាតិកូឡុំប៊ីនៅជុំទី២ ដែលត្រូវបានអាកខានទៅវិញ៕