(ឡុងដ៍)៖ កីឡាករលំដាប់អន្តរជាតិសញ្ជាតិប្រេស៊ីល Richarlison គ្រោងនឹងធ្វើតេស្តសុខភាពនៅក្លិប Tottenham បន្ទាប់ពីក្លិបមួយនេះ បានព្រមព្រៀងលើកិច្ចសន្យា ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធរូបនេះមកពីក្លិប Everton។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

ការផ្ទេរនេះនឹងមានតម្លៃជាង ៥០លានផោន ប៉ុន្តែបញ្ហាតួចតាចមួយចំនួន នឹងត្រូវបញ្ចប់លើថ្លៃសេវាពិតប្រាកដ។

Richarlison វ័យ ២៥ឆ្នាំ បានមកចូលរួមជាមួយក្លិបស្ករគ្រាប់ Everton ក្រោយចាកចេញពី Watford កាលពីឆ្នាំ២០១៨ ជាមួយនឹងតម្លៃខ្លួនជាង ៥០លានផោន។

ចាប់ពីពេលនោះមក លោកបានស៊ុតបញ្ចូលទី ៥៣គ្រាប់ ក្នុងការបង្ហាញខ្លួន ១៥២ប្រកួតសម្រាប់ក្លិប Everton ដោយបានបញ្ចប់ក្នុងនាមជាកីឡាករ រកគ្រាប់បាល់បានច្រើនជាងគេបំផុតនៅឯក្លិប Everton កាលពីរដូវកាលមុនទៀតផង។

គ្រាប់បាល់ ៦គ្រាប់ ក្នុងចំណោមគ្រាប់បាល់ទាំងនោះ បានកើតឡើងក្នុង ៩ប្រកួតចុងក្រោយរបស់ក្លិប Everton នៃរដូវកាលមុននេះ ខណៈពួកគេបានបញ្ចប់នៅចំណាត់ថ្នាក់ទី១៦ និងមាន ៤ពិន្ទុនៅពីលើតំបន់កាត់ចេញពី Premier League៕