(បរទេស)៖ ខណៈដែលរូបរាង និងព័ត៌មានទាក់ទងនឹង iPhone 14 ឬ iPhone ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នៅមិនទាន់ប្រកាសជាផ្លូវការនោះ ស្រាប់តែនៅពេលនេះ អ្នកជំនាញបានបញ្ជាក់ឲ្យដឹងថា iPhone 14 នឹងមានតម្រូវការខ្ពស់នៅក្នុងប្រទេសចិន ពោលគឺនឹងខ្ពស់ជាង iPhone 13 ខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Area នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

ការព្យាករណ៍នេះ ត្រូវបានធ្វើឡើងតាមរយៈលទ្ធផលនៃការស្ទង់មតិ ដែលបានធ្វើឡើងដោយអ្នកវិភាគបច្ចេកវិទ្យាដ៏លេចធ្លោ និងល្បីឈ្មោះគឺលោក Ming-Chu Kuo។ យោងតាមការបញ្ជាក់ពីសំណាក់អ្នកជំនាញរូបនេះបានឲ្យដឹងថា អ្នកផ្គត់ផ្គង់ និងអ្នកលក់រាយកំពុងតែចំណាយប្រាក់ជាច្រើនក្នុងការត្រៀមបញ្ជាទិញទុកមុនសម្រាប់ iPhone 14 នៅក្នុងប្រទេសចិន។

លោក Ming-Chu Kuo បានបន្ថែមទៀតថា បើសិនជាប្រៀបធៀបទៅនឹងការចំណាយប្រាក់បង់ទុកជាមុន សម្រាប់ការទិញ iPhone 14 នោះ គឺមានការកើនទ្បើងទ្វេរដងនៅក្នុងប្រទេសចិន។ លោក Ming-Chu Kuo ក៏បានសង្កត់ធ្ងន់ផងដែរថា នេះហើយដែលជាកត្តាចម្បងមួយដែល Apple មិនដែលបបោះបង់ទីផ្សារប្រទេសចិន ផ្ទុយទៅវិញ តែងតែចាត់ទុកចិន ជាទីផ្សារធំលំដាប់ទីពីររបស់ខ្លួនបន្ទាប់ពីទីផ្សារអឺរ៉ូប។

យោងតាមព័ត៌មានចុងក្រោយបានឲ្យដឹងថា iPhone 14 នឹងមកជាមួយនូវរូបភាពថ្មី ហើយក៏ជាយុគសម័យថ្មីនៃ iPhone ផងដែរ៕