(ភ្នំពេញ)៖ ព្រឹត្តិការណ៍ «សង្វៀនគុនខ្មែរជើងឯកពិភពលោក ឬ World Fight Tournament 2022/Kun Khmer Series» នឹងចាប់ផ្ដើមការប្រកួតកម្មវិធីទី១ របស់ខ្លួននាថ្ងៃទី០៦ ខែកក្កដានេះ នៅក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ដោយទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរកីឡា ដែលចាត់ទុកព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏ល្អ ដើម្បីអភិវឌ្ឍន៍សមត្ថភាពកីឡាករ-កីឡាការិនីគុនខ្មែរផង និងផ្សព្វផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ផង។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគាំទ្រពេញទឹហឹង ចំពោះស្ថាប័ន World Fight ដែលរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះឡើង ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធ ក្នុងការបង្កើនឱកាសដល់កីឡាករ-កីឡាការិនី ពិសេសក្រុមជម្រើសជាតិកម្ពុជា ដើម្បីដកស្រង់បទពិសោធន៍ និងពង្រឹងសមត្ថភាពត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។

លោកបានជំរុញ និងលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ខណៈអាជ្ញាកណ្ដាល-ចៅក្រម ក៏ត្រូវកាត់សេចក្ដីប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍អន្ដរជាតិមួយនេះ ឲ្យទទួលបានជោគជ័យ និងប្រកបដោយគុណតម្លៃនៅលើឆាកអន្ដរជាតិ។ នេះបើតាមការបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំកាលពីថ្ងៃទី៣០ ខែមិថុនាម្សិលមិញ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការគណៈកម្មាថិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានថ្លែអថា ការលេចចេញជារូបរាងនៃ «សង្វៀងគុនខ្មែរជើងឯកពិភពលោក» នេះ គឺជាការរួមគ្នាកសាងលទ្ធភាពថ្មីមួយទៀត ដើម្បីគាំទ្រដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ពិសេសបំផុសការផ្សព្វផ្សាយពីប្រភេទកីឡាអត្តសញ្ញាណជាតិតែម្ដង។

ប្រតិបត្តិករកីឡាដ៏ឆ្នើមរូបនេះបានគូសបញ្ជាក់ថា «ព្រឹត្តិការណ៍នេះ គឺជាការរួមគ្នាកសាងនូវលទ្ធភាពមួយ ឆ្ពោះទៅគាំទ្រដល់ស៊ីហ្គេម ឆ្នាំ២០២៣ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបានចេញសេចក្ដីណែនាំឲ្យគណៈកម្មាធិការជាតិ CAMSOC ធ្វើការបំផុស និងជំរុញការផ្សព្វផ្សាយប្រភេទកីឡាអត្តសញ្ញាណជាតិ មានគុនខ្មែរ ល្បុក្កតោ និងកីឡាអុកចត្រង្គ ដែលត្រូវដាក់បញ្ចូលក្នុងស៊ីហ្គេម ឆ្នាំ២០២៣»។

លោក Tony Anh ប្រធាន World Fight បានអះអាងថា ព្រឹត្តិការណ៍ World Fight Tournament 2022 នេះ រៀបចំឡើងក្នុងគោលបំណងរួមចំណែកផ្សព្វផ្សាយពីប្រដាល់គុនខ្មែរ និងអភិវឌ្ឍន៍វិស័យកីឡាអត្ដសញ្ញាណជាតិមួយនេះ ឲ្យកាន់តែរីកចម្រើនលើឆាកអន្ដរជាតិ ពិសេសត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ តែម្ដងតាមរយៈការផ្គូផ្គងជាមួយកីឡាករ-កីឡាការិនីជើងខ្លាំងមកពីជុំវិញពិភពលោក ដែលនឹងត្រូវធ្វើការប្រកួតចំនួន ១១កម្មវិធីចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។

ចំពោះកីឡាករ-កីឡាការិនីខ្លាំងៗ ដែលត្រូវឡើងអង្រួនសង្វៀនលំដាប់ពិភពលោក នៅកម្ពុជា ក្នុងកម្មវិធីទី១ នាថ្ងៃទី០៦ ខែកក្កដាសប្ដាហ៍ក្រោយនេះ គឺមានកីឡាករកម្ពុជា កាន់ ម៉េងហុង ជួបកីឡាករអូស្ដ្រាលី Dylan Eagle ទម្ងន់ ៥៥,៣គីឡូក្រាម។ កីឡាករកម្ពុជា បឺត សង្ឃឹម ជួបជើងខ្លាំងថៃ Penthep Eakmuangnon ទម្ងន់ ៥៧,២គីឡូក្រាម។ កីឡាករ ម៉ឺន មេឃា ជួបកីឡាករប្រេស៊ីល Felype Souza ទម្ងន់ ៦១,២គីឡូក្រាម។ ស្ដេចប្រដាល់ថៃ Buakaw Banchamek ជួបជើងខ្លាំងប៉េឡារុស Varats Dzmitry ទម្ងន់ ៧១គីឡូក្រាម និងកីឡាការិនីកម្ពុជា ទូច ច័ន្ទវត្តី ជួបកីឡាការិនីអេស្ដូនី Marie Ruumet។

សូមបញ្ជាក់ថា ការប្រកួតនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ទីកន្លែងដែលកម្ពុជាត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខណៈទស្សនិកជនអាចចូលរួមទស្សនាដោយសេរី៕