(ភ្នំពេញ)៖ វេទិកាការងារប្រចាំខែរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហកា រជាមួយ ស.ស.យ.ក វិស័យការងារ បានបញ្ចប់ទៅដោយរលូន និងជោគជ័យ។

ក្នុងវេទិកាការងារនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មានសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើជាច្រើននាក់ បានចូលរួមសម្ភាសជាមួយតំណាងក្រុមហ៊ុន។ ព្រមជាមួយគ្នានោះដែរ ក៏មានអ្នកសម្ភាសជាប់ការងារប្រមាណ២៣១នាក់ ដែលក្នុងនោះ មានអ្នកជាប់ជាស្ថាពរ ៤០នាក់ ខណៈ១៩១នាក់ ជាប់តង់ទី១។

វេទិកាការងារប្រចាំខែរបស់ NEA កាលពីម្សិលមិញមានក្រុមហ៊ុនធំៗ ចំនួន១៥ ចូលរួម ក្នុងនោះមាន៖ ក្រុមហ៊ុន AEON Cambodia Co.Ltd, ក្រុមហ៊ុន Online Cogetel, ក្រុមហ៊ុនDFI Private Limited, ផ្សារទំនើប LUCKY, ផ្សារទំនើប Macro, ហាងកាហ្វេ Brown, ក្រុមហ៊ុន GFG,ក្រុមហ៊ុន HSC, អង្គការស្នាមញញឹមនៃកុមារ PSE,មីក្រូហិរញ្ញវត្ថុ ហត្ថា, ក្រុមហ៊ុនលក់រថយន្ត BYD, ក្រុមហ៊ុន CHAMELY, ក្រុមហ៊ុន MD Massive Distribution, ក្រុមហ៊ុន Bon chon, ក្រុមហ៊ុន Bluetronic និង ក្រុមហ៊ុន Ankor Green។ ក្រុមទាំងនេះ កំពុងជ្រើសរើសបុគ្គលិក សរុបជិត ២ ពាន់នាក់ក្នុងជំនាញផ្សេងៗគ្នា។

សូមបញ្ជាក់ថាទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយ សសយក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តែងតែរៀបចំវេទិកាការងារក្នុងមួយខែ២ដង ជារៀងរាល់ខែ ដោយចាប់ផ្តើមពី ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្រាប់បងប្អូនសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬមានបំណងចង់ផ្លាស់ប្តូរការងារអាចចូលរួមក្នុងវេទិកាការងារប្រចាំខែរបស់ NEA នៅខែក្រោយៗទៀត នឹងសូមនាំយកនូវប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយ តំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh  និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕