(ភ្នំពេញ)៖ សហព័ន្ធកីឡាចំបាប់កម្ពុជា បានបង្ហាញមហិច្ឆតាដណ្ដើមមេដាយមាសឲ្យបានលើសពី ៤គ្រឿង ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដើម្បីបំបែកកំណត់ត្រាចាស់របស់ខ្លួនកាលពីឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC បន្ទាប់ពីលោកបានទទួលការគាំទ្រពីសមាជិកគណៈកម្មាធិការប្រតិបត្តិ បន្ដធ្វើជាប្រធានសហព័ន្ធអាណត្តិថ្មីទី៧ ឆ្នាំ២០២១-២០២៥។

ថ្លែងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ បន្ដអាណត្តិថ្មីនាល្ងាចថ្ងៃទី៣០ ខែមិថុនា នៅទីស្នាក់ការ NOCC ក្នុងនាមប្រធានសហព័ន្ធ ក្រៅពីការសម្រួចគោលដៅបច្ចេកទេសឲ្យកាន់តែមុតស្រួច ឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន ក៏បានស្នើឲ្យគ្រួសារសហព័ន្ធកីឡាចំបាប់ រួបរួមឆន្ទៈ ការលះបង់ និងធ្វើឲ្យមានសុខដុមនីយកម្ម ដើម្បីសម្រេចឲ្យបាននូវបេសកកម្មជាប្រវត្តិសាស្ត្រនេះផងដែរ។

ប្រមុខសហព័ន្ធខាងលើបញ្ជាក់ថា តាមគោលការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គណៈកម្មាធិការជាតិ CAMSOC ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា បានដាក់សន្ទស្សន៍មេដាយមាសឲ្យកីឡាចំបាប់កម្ពុជា ត្រូវដណ្ដើមឲ្យបានយ៉ាងហោច ២គ្រឿង។ តែសហព័ន្ធចង់បានច្រើនជាងនេះ ហើយច្រើនជាងស៊ីហ្គេម ឆ្នាំ២០១៣ នៅមីយ៉ាន់ម៉ា ដែលកីឡាចំបាប់កម្ពុជា ដណ្ដើមបានមេដាយមាស ៤គ្រឿងទៀតផង។

លោក វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា «មហិច្ឆតារបស់យើង គឺរួមគ្នាធ្វើយ៉ាងណាដណ្តើមមេដាយមាសឲ្យបានច្រើនជាងមុន ក្នុងប្រវត្តិស៊ីហ្គេម ដែលចំបាប់កម្ពុជាធ្លាប់ដណ្តើមបានមេដាយមាស ៤គ្រឿង កាលពីស៊ីហ្គេមនៅមីយ៉ាន់ម៉ា។ មានន័យថា ពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺប្រភេទកីឡាចំបាប់មានមហិច្ឆតាចង់បានមេដាយមាសច្រើនជាង៤»។ តាមរយៈនេះ គណៈកម្មការប្រតិបត្តិថ្មីសហព័ន្ធមានភារកិច្ចជាច្រើន ដែលត្រូវធ្វើបន្ដ ដោយឆន្ទៈ និងសេចក្ដីក្លាហាន ដើម្បីឈានទៅសម្រេចនូវបេសកកម្មជាប្រវត្តិសាស្ដ្រនេះ។

ទន្ទឹមជាមួយការពង្រឹងសមត្ថភាព និងបច្ចេកទេសកីឡាករ-កីឡាការិនី ឆ្ពោះទៅដណ្ដើមមេដាយជូនជាតិ សហព័ន្ធក៏មានភារកិច្ចដ៏សំខាន់ ក្នុងការផលិតនូវធនធានមន្ដ្រីបច្ចេកទេស មានអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិ ដោយក្នុងនាមម្ចាស់ផ្ទះ កីឡាចំបាប់កម្ពុជា ត្រូវមានអាជ្ញាកណ្ដាល-ចៅក្រមអន្ដរជាតិយ៉ាងហោច ៥ ទៅ ៦នាក់ ដើម្បីចូលរួមកាត់សេចក្ដីក្នុងការប្រកួត និងជំរុញឲ្យដំណើរការប្រកួត ប្រព្រឹត្តទៅដោយតម្លាភាព និងយុត្តិធម៌ ដែលកាន់តែកក់ក្ដៅសម្រាប់ការប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនីកម្ពុជាផងដែរ។

សូមបញ្ជាក់ថា សមាជិកសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធកីឡាចំបាប់កម្ពុជា អាណត្តិទី៧ គឺមានលោក វ៉ាត់ ចំរើន ជាប្រធាន, លោក ខេស៊ី បាណេត អនុប្រធានទី១, លោក ហុក ឈាងគីម អនុប្រធានទី២, អ្នកស្រី កាង ណុចបវរ អគ្គលេខាធិការ, លោក នរះ យុទ្ធ អគ្គហេរញ្ញិក និងសមាជិក ៤រូប រួមមានលោកស្រី ចូវ សុធារ៉ា, លោក កាង ដែនពិសិដ្ឋ, លោក នុត សេរីរដ្ឋា និងលោក យឹង សុផាណារ៉ា។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមកាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅវិញ សម្រាប់កីឡាចំបាប់កម្ពុជា គឺដណ្ដើមបានមេដាយសរុប ៦គ្រឿង រួមមានមេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៤៕