(សៀមរាប)៖ ព្រះវិហារដែលមានចំណាស់ខិតជិត១០០ឆ្នាំ ស្ថិតនៅជ្រុងខាងកើតឆៀងខាងត្បូងនៃតួប្រាសាទលលៃ មានទំហំបណ្តោយ២៧.៥ម ទទឹង១១.២ម និងកម្ពស់១៥.៥ម ដែលបានបង្កើតជារូបឯកនៃបុរាណដ្ឋានរវាងប្រាសាទ និងទេសភាពជនបទដ៏ស្រស់ស្អាត ដែលកំពុងឈានដល់វ័យចាស់ទ្រុឌទ្រោម ដោយសារអាយុកាល គុណភាពនៃសំណង់ និងមានការបំផ្លាញដោយសត្វល្អិត ត្រូវបានអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរាជួសជុល និងអភិរក្សឡើងវិញ ដោយប្រើប្រាស់បច្ចេកទេស និងសម្ភារៈដូចដើមទាំងស្រុង។
អាជ្ញាធរជាតិអប្សរាចាប់ផ្តើមជួសជុលព្រះវិហារនៅប្រាសាទលលៃ គឺចាប់ផ្តើមនៅខែមិថុនារហូតដល់ខែធ្នូចុងឆ្នាំ២០២២។ គោលបំណងនៃការជួសជុល និងអភិរក្សព្រះវិហារនេះ គឺដើម្បីថែរក្សាមរតកវប្បធម៌ខ្មែរលើវិស័យព្រះពុទ្ធសាសនាដ៏រស់រវើកឱ្យនៅឋិតថេរបន្តទៅមុខទៀត។ ម្យ៉ាងបម្រើប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ បង្កើតភាពសោមនស្សដល់អារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាទឹកដីបុរាណដ្ឋានមួយនេះ។
សូមបញ្ជាក់ថា ព្រះវិហារនៅវត្តប្រាសាទលលៃ ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានចាប់ផ្តើមការជួសជុល និងអភិរក្សក្រោមការឧបត្ថម្ភថវិកានិងបច្ចេកទេសពីអាជ្ញាធរជាតិអប្សរា៕