(ប៉ារីស)៖ ក្លិបជើងឯកលីគបារាំង Paris St. Germain ទិញបានខ្សែបម្រើប្រយុទ្ធ Vitinha ផ្ទេរពីក្លិប FC Porto របស់ព័រទុយហ្គាល់ក្នុងតម្លៃជាង ៤១លានដុល្លារ ដោយមានកិច្ចសន្យា ៥ឆ្នាំ ដែលកីឡាកររូបនេះធ្លាប់ចំណាយពេលខ្ចីជើងទៅលេងជាមួយក្លិប Wolves ក្នុងរដូវកាល ២០២០-២១។

ខ្សែបម្រើវ័យ ២២ឆ្នាំខាងលើនេះ ធ្លាប់បានចំណាយពេលលេងក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លិប Wolves ដោយបង្ហាញខ្លួនបាន ២២ប្រកួត និងរកបាន ១គ្រាប់ ក្នុងនាមជាកីឡាករដែលត្រូវបាន Porto ជ្រើសចេញពីឈុតយុវជនកាលឆ្នាំ២០១៩ ហើយគិតមកដល់ពេលនេះជាបណ្តោះអាសន្នសរុបគ្រប់កម្មវិធីប្រកួត រូបគេរត់លើទីលានបាន ៩៥ប្រកួត ដោយរកបាន ១៣គ្រាប់ក្នុងអាជីព។

Vitinha ក៏បានរួមចំណែកជួយ Porto លើកពានរង្វាន់លីគព័រទុយហ្គាល់ Premiera Liga និងពាន Taca de Portugal ក្នុងរដូវកាល ២០១៩-២០ និង ២០២១-២២ ហើយក៏ធ្លាប់ឈ្នះពានឯកត្តជនខ្សែបម្រើល្អប្រចាំខែ ៣លើក ពានកីឡាករល្អប្រចាំខែ ២លើកផងដែរ។

នេះជាការទិញបានកីឡាករសញ្ជាតិព័រទុយហ្គាល់ ២រូបក្នុងការត្រៀមរដូវកាលថ្មីរបស់ PSG បន្ទាប់ពីយកបានកីឡាករ Nuno Mendes ដែលធ្លាប់ចំណាយពេលក្នុងលក្ខខណ្ឌខ្ចីជើងនៅទឹកដី Parc de Princes ខណៈ PSG នៅតែស្ថិតក្រោមការដឹកនាំដោយលោក Mauricio Pachettino បើទោះបីជាមានការលើកឡើងអំពីការចាកចេញកន្លងមកក៏ដោយ៕