(ភ្នំពេញ)៖ បន្ទាប់ពីមហាជនបានសម្ដែងការសង្ស័យ ពីទំនាក់ទំនងស្អិតរមួតរវាងតារាចម្រៀងវ័យក្មេង២ដួង គឺលោក សយ រតនៈ និងកញ្ញា ប៉ាច គីមមួយ នាពេលកន្លងមកនោះ ស្រាប់តែនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តារាចម្រៀងប្រចាំក្នុងផលិតកម្មហង្សមាសទាំងពីរដួង បានសម្រេចិត្តបញ្ចប់នូវមន្ទិលសង្ស័យទាំងនោះ ដោយបានចូលរោងជ័យភ្ជាប់ពាក្យនឹងគ្នា ក្លាយជាគូដណ្ដឹង ក្រោមការដឹងឮពីចាស់ទុំទាំងសងខាង និងក្រោមវត្តមានតារាល្បីៗជាច្រើនដួង ចូលរួមអបអរសាទរថ្ងៃពិសេសនេះ។

ជាការពិត អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលទំនាក់ទំនងដ៏ផ្អែមល្ហែមរបស់អ្នកទាំងពីរ មិនត្រូវបានលាតត្រដាងឲ្យច្បាស់ឡើយ ខណៈដែលពួកគេតែងតែបង្ហាញភាពស្និទ្ធស្នាលនឹងគ្នាមិនសូវដាច់ តាមរយៈបណ្ដាញសង្គម និងការចូលរួមកម្មវិធីនានា។ កន្លងមកមហាជនមានការសង្ស័យច្រើន លើទំនាក់ទំនងជិតស្និទ្ធរបស់ សយ រតនៈ និងប៉ាច គីមមួយ ប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ពីសាមីខ្លួនទាំង២ឡើយ។ រហូតទើបតែថ្ងៃបុណ្យនៃក្ដីស្រឡាញ់ឆ្នាំ ២០២២នេះ ពួកគេក៏សារភាពតែម្ដងថា ពួកគេបានទាក់ទងគ្នា ក្នុងន័យស្នេហាពិតមែន មិនមែនជាការលេងសើចនោះទេ។

អ្វីដែលកាន់តែបញ្ជាក់ច្បាស់លាស់នោះ គឺនៅព្រឹកថ្ងៃនេះ តារាល្បីឈ្មោះទាំងពីរដួង បានលាតត្រដាង និងបង្ហាញជាសាធារណៈ ពីទំនាក់ទំនងរហូតមាន ពិធីភ្ជាប់ពាក្យតាមប្រពៃណីខ្មែរ ចាស់ទុំដឹងឮយ៉ាងពិតប្រាកដ។ ជាពិសេសនោះ ក្រៅពីពិធីជ័យភ្ជាប់ពាក្យេះ ក៏ត្រូវបានគេដឹងថា អ្នកទាំងពីក៏បានភ្ជាប់ទីនឹងពីធីឡើងគេហដ្ឋានថ្មី ដែលជាកម្លាំងញើសឈាមរួមគ្នា នៅក្នុងថ្ងៃជាមួយគ្នានេះផងដែរ។

ក្នុងពិធីភ្ជាប់ពាក្យ និងឡើងគេហដ្ឋានថ្មីរបស់តារាចម្រៀង សយ រតនៈ និងប៉ាច គីមមួយ គេបានឃើញតារាល្បីៗជាច្រើនដួង បង្ហាញវត្តមានចូលរួមអបអរសាទរ។ ក្នុងនោះរួមមានលោក ឆន សុវណ្ណរាជ, លោក ឃុន វុត្ថា, កញ្ញា វី ឌីណែត, អ្នកនាង សុគន្ធ នីសា, កញ្ញា បាន មុនីល័ក្ខ, លោក នី រតនា ព្រមទាំងភរិយា និងតារាប្រុសស្រីរួមអាជីពជាច្រើននាក់ទៀត៕