(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ការជួសជុលព្រះពុទ្ធបដិមានៅរួតបាកាណប្រាសាទអង្គរវត្ត ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារជួសជុលកំពុងលាបម្រ័ក្សណ៍លើរូប ដែលជាការងារចុងក្រោយហើយ។
លោក សយ សុភារិន្ទ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកដឹកនាំគម្រោងជួសជុលព្រះពុទ្ធបដិមាចំនួន៣អង្គ នៅជាន់បាកាណ បានបញ្ជាក់ថា គម្រោងជួសជុលនេះ គ្រោងនឹងបញ្ចប់ឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារជួសជុលកំពុងលាបម្រ័ក្សណ៍លើរូប ដែលជាការងារចុងក្រោយ។
លោក សុភារិន្ទ បានរំឭកពីស្ថានភាពដើមឡើយនៃព្រះពុទ្ធបដិមា គឺមានស្ថានភាពខូចខាតច្រើនដែលត្រូវជួសជុល និងអភិរក្សជាបន្ទាន់។ លោកពន្យល់ថា លើរូបបដិមាមានស្នឹមខ្មៅ ក្តាំងធូលី ក្តាំងអំបិល កំណកអាចម៍ប្រចៀវ និងទឹកនោមប្រចៀវជាដើម ដែលដក់លើរូប។
លោកបន្តថា ការសម្អាតចែកជាពីរគឺសម្អាតស្ងួតដោយយកធូលីដែលកកក្តាំងលើផ្ទៃព្រះកាយបដិមាចេញសិន ដោយប្រើជក់ស្តើងទន់ៗបោសចេញឱ្យបានស្អាត។ បន្ទាប់មកត្រូវសម្អាតសើម មុនដំបូងត្រូវយកទឹកមកសម្អាតសិន ដោយយកសំឡីរុំនឹងឈើតូចៗ ហើយជ្រលក់នឹងទឹកដែលគ្មានជាតិរ៉ែ មកជូតកន្លែងដែលស្នឹមខ្មៅ ក្តាំងធូលី ក្តាំងអំបិល កំណកអាចម៍ប្រចៀវ និងទឹកនោមប្រចៀវ ហើយវានឹងដាច់កំណកនោះមក ប៉ុន្តែពណ៌ដើមនៅរក្សាដដែល។
បច្ចុប្បន្នការងារសម្រេចបានប្រមាណ៩០ភាគរយហើយ បន្ទាប់ពីចាប់ផ្តើមជួសជុលឡើងវិញនៅពាក់កណ្ដាលខែមករា ឆ្នាំ២០២២។ ក្នុងឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានជួសជុលព្រះពុទ្ធបដិមា១អង្គនៅទិសខាងត្បូង ហើយនៅឆ្នាំ២០២២នេះក៏បានជួសជុលព្រះពុទ្ធបដិមាចំនួន៣បន្ថែមទៀត នៅទិសខាងជើង ខាងលិច និងខាងកើត ព្រមទាំងព្រះពុទ្ធចូលនិព្វានចំនួន២អង្គនៅទិសខាងកើត និងខាងជើង ក្នុងនោះក៏បានជួសជុលពង្រឹងចម្រឹងបង្អួច និងរចនាសម្ពន្ធមួយចំនួនទៀតនៅជុំវិញបដិមានោះផងដែរ៕