(អាមេរិក)៖ តារាចម្រៀងរ៉េបល្បីឈ្មោះរបស់អាមេរិក លោក Kanye West ដែលបានប្តូរឈ្មោះទៅជា Ye កាលពីឆ្នាំមុននោះ នៅថ្ងៃពុធសប្តាហ៍នេះ ត្រូវបានម្ចាស់កម្មសិទ្ធិដាក់ពាក្យប្តឹង ជុំវិញការយកគំរូបទចម្រៀង របស់តន្ត្រីករជើងចាស់ Marshal Jefferson ដោយគ្មានការអនុញ្ញាត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

បើតាមក្រុមហ៊ុនចម្រៀង Ultra International Music Publishing LLC បានឲ្យដឹងថា តារាចម្រៀង West បានយកគំរូបទចម្រៀងរបស់ Jefferson ម្តងហើយម្តងទៀត ដោយគ្មានការអនុញ្ញាត។ បើនិយាយទៅ បទចម្រៀង «Flowers» របស់ West គឺបានយកគំរូភ្លេងតាមបទ «Move Your Body» ឆ្នាំ១៩៨៦ របស់ Jefferson ខណៈការចម្លងតាមនេះ គឺមានរហូតដល់ ២២លើកឯណោះ។

ជុំវិញករណីនេះ អ្នកតំណាងរបស់ West ភ្លាមៗ មិនបានឆ្លើយតបចំពោះការសុំការអត្ថាធិប្បាយទេ ខណៈអ្នកច្បាប់របស់ក្រុមហ៊ុន Ultra International ដែលជាម្ចាស់កម្មសិទ្ធិនៃបទចម្រៀងរបស់ Jefferson បាននិយាយថា ក្រុមហ៊ុនក៏គ្មានមតិយោបល់អ្វីដែរ ព្រោះគ្រប់យ៉ាងគឺបានកត់ត្រា ចូលក្នុងពាក្យបណ្តឹងអស់ទៅហើយ។ យ៉ាងណាមិញ បើតាមពាក្យបណ្តឹង បានឲ្យដឹងថា West មិនបានសុំអាជ្ញាប័ណ្ណ ឬការអនុញ្ញាត ពីម្ចាស់កម្មសិទ្ធិ នៅពេលយកគំរូតាមលំនាំបទដើមឡើយ។

គួរជម្រាបថា តារាចម្រៀង West បានបញ្ចេញអាល់ប៊ុម Donda 2 នៅអំឡុងខែកុម្ភៈ ខណៈក្នុងអាល់ប៊ុមនោះ គឺមានបទចម្រៀង Flowers។ បើតាមពាក្យបណ្តឹង បទ «Flowers» នេះ គឺមានខ្លឹមសារទាក់ទងនឹងអតីតភរិយារបស់លោក គឺ Kim Kardashian ដែលបានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ ជាមួយគ្នាទៅហើយនោះ៕