(អាហ្រ្វិក)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Sadio Mane និងអតីតមិត្តរួមក្រុម Mohamed Salah នៃក្លិប Liverpool កំពុងស្ថិតក្នុងបញ្ជីកីឡាករ ៣០នាក់ដែលអាចឈ្នះពានរង្វាន់កីឡាករល្អប្រចាំឆ្នាំ Africa Men’s Player of the Year 2021 នៅតំបន់អាហ្វ្រិក (CAF)។

Mane បានផ្ទេរចេញពីក្លិប Liverpool ទៅកាន់ក្លិប FC Bayern Munich កាលពីសប្តាហ៍មុន និងកំពុងមានភាគរយៈខ្ពស់ជាងខ្សែប្រយុទ្ធ Salah បន្ទាប់កីឡាករ Mane បានរួមចំណែកជួយជម្រើសជាតិសេណេហ្គាល់ យកឈ្នះក្រុមជម្រើសជាតិអេហ្ស៊ីប លើកពានរង្វាន់ Africa Cup of Nations 2021 និងបន្ទាប់មកបន្តធ្វើបានល្អដោយបានឡើងទៅជុំផ្តាច់ព្រ័ត្រ FIFA World Cup 2022 នៅប្រទេសកាតា។

សូមរំលឹកផងថា សម្រាប់ Mane បានឈ្នះពាន African Footballer of the Year 2019 ដែលពេលនោះ ខ្សែប្រយុទ្ធ Mohamed Salah ឈរលេខ២ និង Riyad Mahrez ឈរលេខ៣ ដ្បិតខ្សែប្រយុទ្ធ Salah ធ្លាប់បានឈ្នះ ២ឆ្នាំជាប់គ្នារួចមកហើយនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខណៈសហព័ន្ធ CAF បានខកខានប្រកាសពាន ១ឆ្នាំដោយសារមេរោគឆ្លងកូដវីដ-១៩៕