(កូរ៉េ)៖ Aespa ដែលជាក្រុមចម្រៀងនារីថ្មី របស់ផលិតកម្មយក្សកូរ៉េខាងត្បូង SM Entertainment ត្រូវបានរាយការណ៍មកថា នឹងចូលរួមវេទិកានយោបាយកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានគេស្គាល់ថា ជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅសប្តាហ៍ក្រោយនេះ ខណៈក្រុមចម្រៀងនារីមួយនេះ ទើបតែបង្កើតឡើងរយៈពេល២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែចាប់ផ្តើមល្បីល្បាញបន្តិចម្ដងៗ រហូតបានចូលរួមកិច្ចប្រជុំលក្ខណៈអន្តរជាតិ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Korea Time នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

បើយោងតាមផលិតកម្ម SM បានឲ្យដឹងថា ក្រុមចម្រៀងនារីដែលមានសមាជិក៤នាក់មួយនេះ នឹងចូលរួមក្នុងសម័យប្រជុំបើកវេទិកា ដែលនឹងធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក នៅម៉ោង៩ព្រឹក ថ្ងៃទី០៥ ខែកក្កដា (ម៉ោងក្នុងតំបន់)។

វេទិកាប្រចាំឆ្នាំ គឺជាទីកន្លែងដែលថ្នាក់ដឹកនាំ តំណាងរដ្ឋាភិបាលនៃប្រទេសនានា អ្នកជំនួញជួបប្រជុំពិភាក្សាគ្នា ពីរបៀបដែលប្រទេសនីមួយៗ បានបំពេញការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ យោងតាមរបៀបវារៈការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០។

គួរជម្រាបថា កិច្ចប្រជុំដែលគ្រោងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ នឹងក្លាយជាកិច្ចប្រជុំដោយផ្ទាល់លើកដំបូងចាប់តាំងពីឆ្នាំ២០១៩ មក ត្បិតថាកាលពីឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ បានរៀបចំប្រជុំតាមអនឡាញ ដោយសារតែវិបត្តិកូវិដ-១៩។ យោងតាមផលិតកម្ម SM Entertainment សមាជិករបស់ Aespa នឹងថ្លែងសុន្ទរកថាលើប្រធានបទពាក់ព័ន្ធនឹងយុវជនជំនាន់ក្រោយ ក៏ដូចជាការសម្តែងបទចម្រៀងល្បីរបស់ពួកគេ ចំណងជើងថា «Next Level» ផងដែរ៕