(ភ្នំពេញ)៖ លោក ហេង ឌីណា អនុប្រធានប្រតិភូកីឡា និងជាប្រធានសមាគមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីឆ្នើម ជានិស្សិតរបស់ RUPP ដែលទទួលបានជ័យជម្នះ និងដណ្តើមបានមេដាយជាច្រើន ក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២។

សមិទ្ធផលមេដាយដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញទទួលបាន គឺមេដាយមាស១វិញ្ញាសា លើប្រភេទកីឡាបាល់ទះនារី មេដាយប្រាក់៧គ្រឿង និងមេដាយសំរឹទ្ធ៧គ្រឿង សរុប១៥គ្រឿង។

លោក ហេង ឌីណា បានបញ្ជាក់ថា ការដណ្តើមបានមេដាយយ៉ាងច្រើននេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព និងការគោរពយ៉ាងខ្ជាប់ខ្ជួនរបស់ក្រុមនិស្សិតទាំងអស់ នៅក្នុងព្រឹត្តិការណ៍កីឡាឧត្តមសិក្សាថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២នេះ។

លោក ហេង ឌីណា ក៏បានថ្លែងអំណរគុណចំពោះលោកសាកលវិទ្យាធិការ សាកលវិទ្យាធិការរង និងគណៈគ្រប់គ្រង RUPP ទាំងអស់ ដែលបានផ្តល់ការលើកទឹកចិត្តគាំទ្រនិស្សិតទាំងអស់ចូលរួមប្រកួត ដើម្បីអភិវឌ្ឍសមត្ថភាព ឲ្យកានតែរីកចម្រើនបន្ថែមទៀត សម្រាប់ត្រៀមប្រកួតនាព្រឹត្តិការណ៍ក្រោយៗទៀត។

លោកអនុប្រធានប្រតិភូរូបនេះ បានអះអាងទៀតថា ការរៀបចំការប្រកួតកីឡានានារបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្តល់កិច្ចសហការបច្ចេកទេសជូនដល់សហព័ន្ធកីឡាជាតិ គឺមានភាពល្អប្រសើរខ្លាំងណាស់ ទាំងការទទួលរៀបចំ ការហូបចុក ស្នាក់នៅ ដឹកជញ្ជូន រួមទំាងលក្ខណៈបច្ចេកទេសកីឡា គឺមានភាពសុក្រិតយុត្តិធម៌ មិនលម្អៀងនោះឡើយ។

ជាមួយនឹងគោលដៅចម្បងៗនៃការរៀបចំកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសឆ្នាំនេះ បានជំរុញផែនការនៃការរៀបចំរបស់សហព័ន្ធកីឡាជាតិនានា ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ក្នុងនាមប្រធានសមាគមនិស្សិត RUPP លោកក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងជួយផ្សព្វផ្សាយបន្តដល់និស្សិត និងលើកទឹកចិត្តដល់និស្សិតបន្តការផ្សព្វផ្សាយដល់មិត្តភ័ក្ត្រ ចំពោះដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាផងដែរ៕