(លីយ៉ុង)៖ ក្លិបបារាំង Olympique Lyonnais បានចុះហត្ថលេខានាំយកខ្សែបម្រើ Corentin Tolisso ជាលើកទី២ នៅថ្ងៃសុក្រ ខណៈកីឡាករសញ្ជាតិបារាំងរូបនេះ បានវិលត្រឡប់ទៅលេងនៅ Ligue 1 វិញ លើកិច្ចសន្យាផ្ទេរដោយឥតបង់ថ្លៃពីក្លិប Bayern Munich។ ការវិលត្រឡប់មកវិញនេះ មានរយៈពេល៥ឆ្នាំ បន្ទាប់ពីការចាកចេញរបស់លោក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។

Tolisso បានវិលត្រឡប់ទៅកាន់ក្លិបបារាំងវិញ លើកិច្ចសន្យារហូតដល់ឆ្នាំ២០២៧។ កីឡាកររូបនេះធ្លាប់លេងក្នុងក្រុមជម្រើសដំបូងនៃក្លិប Lyon អស់រយៈពេល៤រដូវកាល បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលពីក្លិប។

ខ្សែបម្រើវ័យ ២៧ឆ្នាំរូបនេះបានចូលរួមជាមួយក្លិប Bayern ក្នុងឆ្នាំ២០១៧ ហើយជាផ្នែកមួយនៃក្រុមដែលបានឈ្នះពានរង្វាន់លីគ Bundesliga ៥រដូវកាលជាប់ៗគ្នា និងពានរង្វាន់ Champions League ក្នុងឆ្នាំ២០២០។

សូមជម្រាបថា Lyon ដែលបានបញ្ចប់នៅចំណាត់ថ្នាក់ទី៨ កាលពីរដូវកាលមុន ក្នុង Ligue 1 នោះ ក៏បានចុះកិច្ចសន្យាជាមួយកីឡាករ Alexandre Lacazette និង Johann Lepenant ផងដែរ៕