(បរទេស)៖ របាយការណ៍ស្រាវជ្រាវថ្មីមួយបានបង្ហាញឲ្យដឹងថា តួលេខនៃការលក់ស្មាតហ្វូនទូទាំងពិភពលោក បានធ្លាក់ចុះមកនៅត្រឹម ៩០លានគ្រឿងនៅក្នុងខែឧសភា ឆ្នាំ២០២២ ដែលវាជាការធ្លាក់ចុះជាលើកទីពីរក្នុងរយៈ១០ឆ្នាំចុងក្រោយ ដែលតួលេខបានធ្លាក់ចុះមកនៅក្រោម ១០០លានគ្រឿង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។

Counterpoint Research ដែលជាស្ថាប័នស្រាវជ្រាវដ៏ធំមួយពាក់ព័ន្ធនឹងទីផ្សារស្មាតហ្វូន បានបង្ហាញរបាយការណ៍ស្រាវជ្រាវចុងក្រោយរបស់ខ្លួន ដោយបានរកឃើញថា ការលក់ស្មាតហ្វូនទូទាំងពិភពលោកបានធ្លាក់ចុះមកត្រឹម ៩៦ លានគ្រឿងនៅក្នុងខែឧសភា ដែលតួលេខនេះមានការធ្លាក់ចុះ ៤ភាគរយបើប្រៀបធៀបទៅនឹងខែមេសា និងធ្លាក់ចុះ ១០ភាគរយធៀបនឹងតួលេខខែឧសភា ឆ្នាំ២០២១។

យោងតាមការបញ្ជាក់ពីប្រភពខាងលើបានឱ្យដឹងថា មូលហេតុចម្បងនៃការធ្លាក់ចុះនេះគឺបណ្ដាញមកពីការផ្ទុះឡើងវិញនូវជំងឺកូវីដ១៩ និងការកង្វះខាតបន្ទះឈីបជាសកល។ បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ដែលកំពុងបន្តកំពុងមានស្ថិរភាព ទោះបីជាកម្រិតអតិផរណាកើនឡើង គួបផ្សំនឹងការធ្លាក់ចុះនៃរោងចក្រនៅក្នុងប្រទេសចិន និងវិបត្តិអ៊ុយក្រែន គឺជាកត្តាចម្បងដែលកំណត់តម្រូវការស្មាតហ្វូន។

បើទោះបីជាយ៉ាងនេះក្ដី ការសម្លឹងមើលទៅមុខរបស់អ្នកវិភាគ Counterpoint បានព្យាករណ៍ថា ស្ថានភាពនឹងប្រសើរឡើងវិញនៅក្នុងឆមាសទី២ នៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់មានលក្ខណៈធម្មតា ហើយរោងចក្រនៅក្នុងប្រទេសចិនដំណើរការក្នុងកម្រិតពេញលេញ៕