(បរទេស)៖ តាមរយៈទិន្នន័យបានបង្ហាញឱ្យឃើញថា ក្រុមហ៊ុនផលិតរថយន្ត General Motors Co កំពុងតែមានប្រៀបជាង ក្រុមហ៊ុន Toyota Motor Corp ក្នុងការលក់រថយន្តនៅត្រីមាសទី២ របស់សហរដ្ឋអាមេរិក បើទោះបីជាកង្វះខាតបន្ទះឈីបនៅតែបន្ត និងមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងការផលិតរថយន្តក៏ដោយ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។

តាមរបាយការណ៍បានឱ្យដឹងថា នៅត្រីមាសទី២ ឆ្នាំនេះក្រុមហ៊ុន GM លក់រថយន្តបានចំនួន ៥៨២,០៤១ គ្រឿងដែលការដាក់លក់នេះមានរយៈពេលត្រឹមតែ ៣ខែប៉ុណ្ណោះ ដែលគិតបញ្ចប់ក្នុងមិថុនា តែយ៉ាណាមិញក្នុងចំនួននេះត្រូវបានក្រុមហ៊ុននិយាយថា វាមានការធ្លាក់ចុះជាង ១៥ភាគរយបើធៀបទៅរយៈពេលដូចគ្នាការពីឆ្នាំមុន។

ដោយឡែកក្រុមហ៊ុន Toyota វិញដែលធ្លាប់បានកាន់តំណែង និងជាអ្នកដឹកនាំផ្នែកលក់របស់សហរដ្ឋអាមេរិក ដែលបានដណ្តើមពីក្រុមហ៊ុន GM ទៅជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៣ នោះ នៅត្រីមាសទី២ កន្លងទៅនេះឃើញថាមានការធ្លាក់ចុះជាង ២២ភាគរយឯណោះ។ ខណៈដែលរបាយការណ៍ដាក់លក់មានត្រឹមតែ ៥៣១,១០៥គ្រឿង ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនផលិតរថយន្តដែលរងផលប៉ះពាល់ខ្លាំងបំផុតនៅឆ្នាំនេះ ដោយសារតែបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ នឹងការរាំងខ្ទប់នៃមេរោគ COVID-19 របស់ប្រទេសចិន។

តែយ៉ាងណា គេមិនបានបញ្ជាក់ នោះទេថាមានម៉ូដែលរថយន្តណាខ្លះដែលទទួលបានការកើនឡើង និងធ្លាក់ចុះចំពោះក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះ៕