(លីវើភូល)៖ កីឡាករខ្សែប្រយុទ្ធ Mohamed Salah បានព្រមព្រៀងបន្តកិច្ចសន្យារយៈពេល ៣ឆ្នាំទៀតជាមួយក្លិប បាល់ទាត់ហង្សក្រហម Liverpool ដោយទទួលបានថ្លៃពលកម្ម ៣៥ម៉ឺនក្នុង ១សប្តាហ៍ច្រើនជាងគេ។

កិច្ចសន្យាចាស់របស់កីឡាករអន្តរជាតិអេហ្ស៊ីប វ័យ ៣០ឆ្នាំខាងលើនេះ នៅសល់ ១ឆ្នាំទៀតនៅកីឡដ្ឋាន Anfield និងមានភាពស្រពេចស្រពិលផងដែរពីដំណឹងចាកចេញ មុនពេលចុងក្រោយសម្រេចចិត្តស៊ីញ៉េកុងត្រា ៣ឆ្នាំបន្ថែមទៀតនេះ។

Salah ដែលបានបាត់ដៃគូប្រយុទ្ធ Sadio Mane ដោយផ្លាស់ចេញទៅលេងឲ្យក្លិបខា្លរខិន Bayern Munich របស់អាល្លឺម៉ង់នោះ គឺរកបាន ១៥៦គ្រាប់ហើយក្នុងចំណោម ២៥៤ប្រកួតក្នុងរយៈពេល ៥ឆ្នាំមកនេះជាមួយ Liverpool ក្រោយចាកចេញពីក្លិបអ៉ីតាលី AS Roma។

លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool បានថ្លែងប្រាប់ BBC ថា «វាជាការសម្រេចចិត្តដ៏អសា្ចរ្យមួយរបស់ពួកយើងទាំងពីរ ដែលគាត់នៅតែបន្តលេងឲ្យពួកយើងដដែល ដែលអាចនិយាយបានថា នៅតែបន្តធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នៅថ្ងៃចុងសប្តាហ៍ដដែល។ វាពិតជាព័ត៌មានដ៏រំភើបនាយប់នេះ»