(ភ្នំពេញ)៖ ថ្មីៗនេះ ក្រុមហ៊ុនMK Group និងគ្រឹះស្ថានឥណទានGBIT បានប្រារព្ធពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការនូវសេវាកម្ម ព្រមទាំងផលិតផលរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រ កម្ពុជា។

ជាមួយនឹងការដាក់សម្ពោធជាផ្លូវការនេះ លោក Raymond ស្ថាបនិកMK Group បានថ្លែងអំណរ គុណដល់ដៃគូប្រតិបត្តិការឆ្នើមទាំងអស់ដែលបានគាំទ្រ ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ដែលបាន ខិតខំបំពេញការងារនាពេលកន្លងមក។ លោកបានបន្ថែមថា អាជីវកម្មដែលស្ថិតក្រោម MK Group រួមមាន MK FourHand Wellness –Cambodia ដែលជាហាងស្ប៉ាថែរក្សា សម្ផស្ស និងMK Fruits Valley Café Cambodia ដែលជាហាងមានបម្រើជូននូវសេវាកម្មអាហារ បែប ថៃ-អឺរ៉ុប ភេសជ្ជៈ បង្អែម ផ្លែឈើដែលជាផលិតផលកសិកម្មពិតៗ។

លើសពីនេះបន្ថែមទៀត ចក្ខុវិស័យរបស់លោកនឹងធ្វើការវិនិយោគទៅលើវិស័យអចលនទ្រព្យ សប្បុរសធម៌ ព្រមទាំងបង្កើតឱកាសការងារជាច្រើនទៀតដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ។ អ្វីដែលសំខាន់ ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍដែលមានឱកាសច្រើនក្នុងការវិនិយោគ។

ទន្ទឹមនឹងនេះ លោកស្រី លី ឡេង ស្ថាបនិកគ្រឹះស្ថានឥណទានGBIT បានថ្លែងថា គ្រឹះស្ថានឥណទានGBIT គឺមានកម្ចីធ្វើកសិកម្មអាជីវកម្ម កម្ចីទិញរថយន្ត កម្ចីអចលនទ្រព្យ។ លោកស្រីសង្ឃឹមថា វត្តមានរបស់GBIT និងMK Group នឹងជួយលើកតម្កើងកំណើនសេដ្ឋកិច្ច របស់កម្ពុជា។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនMK Group មានវត្តមាននៅតាមបណ្តាប្រទេសជាច្រើនដូចជា ប្រទេសម៉ាឡេស៉ី ប្រទេសវៀតណាម និងប្រទេសថៃផងដែរ ដោយឡែកសម្រាប់ប្រទេសកម្ពុជា គឺជាប្រទេសទី៤ សម្រាប់វត្តមានរបស់ក្រុមហ៊ុនMK Group៕