(អាមេរិក)៖ នាពេលថ្មីៗនេះ ក្មួយប្រុសរបស់ស្តេចចម្រៀងប៉ុប Michael Jackson គឺលោក TJ Jackson បានបង្ហើបពីគម្រោងផលិតភាពយន្តអំពីប្រវត្តិរបស់ Michael Jackson ខណៈតាមដំណឹង គឺរឿងថ្មីនេះ ទំនងជាដាក់បញ្ចូលតែស្នាដៃល្បីៗនិងល្អៗ របស់តារាចម្រៀងរូបនេះប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន thejasminebrand នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២នេះ។

បន្ទាប់ពីការស្លាប់របស់តារាចម្រៀងប៉ុបដ៏ល្បី Michael Jackson កាលពីឆ្នាំ២០០៩ គេសង្កេតឃើញថា មានប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានចេញអត្ថបទនានា ជុំវិញរឿងក្តីមិនល្អរបស់ Michael Jackson ជាពិសេសគឺការចោទប្រកាន់លោកថា បានរំលោភបំពានផ្លូវភេទលើកុមារតែម្តង។ ទោះយ៉ាងនេះក្តី TJ Jackson ដែលជាក្មួយប្រុសរបស់ Michael Jackson បច្ចុប្បន្នមានវ័យ៤៣ឆ្នាំនោះ បានឲ្យដឹងនាពេលថ្មីៗនេះ ថា រឿងមិនល្អទាំងនោះ នឹងមិនដាក់ក្នុងភាពយន្តថ្មីនេះទេ បើនិយាយទៅភាពយន្តថ្មីនេះ គឺនឹងរៀបរាប់តែពីប្រវត្តិរបស់ Michael Jackson ពាក់ព័ន្ធគ្រួសារ ការងារ និងស្នាដៃរបស់លោកប៉ុណ្ណោះ។

បើគេនៅចាំមិនភ្លេច គឺមានភាពយន្តឯកសារមួយ ដែលបញ្ចេញក្រោយពេលតារារូបនេះទទួលមរណភាព គឺចំណងជើងថា «Leaving Neverland» កាលពីឆ្នាំ២០១៩ ដែលរឿងនេះហាក់មានភាពចម្រូងចម្រាស់ជាច្រើន ព្រោះបាននិយាយពីរឿងរ៉ាវមិនល្អ ប្រៀបបានទៅនឹងការចោទប្រកាន់ថា Michael មានទំនាក់ទំនងជាមួយក្មេងប្រុសជាដើម។ មតិមហាជនភាគច្រើនបាននិយាយថា Michael បានស្លាប់ទៅហើយ ហើយការផលិតរឿងដែលមាននិយាយពីរឿងអាក្រក់អំពីលោក គឺជាអំពើអសីលធម៌៕