(ភ្នំពេញ)៖ វិទ្យាល័យ AUPP បានប្រារព្ធពិធីប្រគល់សញ្ញាបត្របញ្ចប់ការសិក្សាក្នុងឆ្នាំ២០២២ចំនួនពីរ គឺសញ្ញាបត្រស្ដង់ដារសហរដ្ឋអាមេរិកពីគ្រឹះស្ថានសិក្សា Foxcroft Academy និងសញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡាជាលើកដំបូងរបស់ខ្លួនជូនដល់សិស្សានុសិស្សរបស់ខ្លូន។

សិស្សានុសិស្សទាំងអស់នៃវិទ្យាល័យ AUPP ទទួលបានសញ្ញាបត្រដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិនៅពេលបញ្ចប់ការសិក្សា ដែលអាចផ្ដល់ឱកាសទូលំទូលាយក្នុងការបន្ដការសិក្សាថ្នាក់ឧត្តមសិក្សាស្ទើរតែគ្រប់ទីកន្លែងក្នុងពិភពលោក។

សិស្សឆ្នើមប្រចាំជំនាន់ឆ្នាំ២០២២ ឈ្មោះ ហ៉ី ពុទ្ធីរតន៍ ត្រូវបានទទួលរង្វាន់ជាសិស្សកិត្តិយសដែលមានលំដាប់ពិន្ទុ GPA ខ្ពស់បំផុតក្នុងចំណោមសិស្សានុសិស្សដែលបញ្ចប់ការសិក្សា។ សមិទ្ធិផលដ៏អស្ចារ្យរបស់សិស្សានុសិស្ស គឺសម្រេចបានតាមរយៈការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងសម្ថតភាពក្នុងការសិក្សារបស់ពួកគេ ក៏ដូចជាការគាំទ្រ និងជំនួយពីលោកគ្រូអ្នកគ្រូរបស់ពួកគេ។

ក្នុងពិធីប្រគល់សញ្ញាបត្រនេះ លោក William E. Thomas នាយកវិទ្យាល័យ AUPP បានថ្លែងឲ្យដឹងថា «ជាដំបូង ខ្ញុំសូមស្នើឱ្យសិស្សានុសិស្សបញ្ចប់ការសិក្សាទាំងអស់ចំណាយពេលបន្តិចនៅថ្ងៃនេះ ដើម្បីថ្លែងអំណរគុណដល់អ្នកដែលបានគាំទ្រក្មួយៗ ដែលជាហេតុនាំឱ្យក្មួយអាចមានថ្ងៃនេះ។ មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែមានសំណាង ក្នុងការទទួលបាននូវឱកាសដែលក្មួយៗបានទទួលនោះទេ។ ក្មួយៗគឺតំណាងឱ្យអ្នកដឹកនាំជំនាន់ក្រោយ ហើយភាពជាអ្នកដឹកនាំនឹងនាំមកនូវទំនួលខុសត្រូវដល់ក្មួយៗ»

វិទ្យាល័យ AUPP គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូននូវកម្មវិធីសិក្សាពេញម៉ោងពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២។ កម្មវិធីសិក្សារបស់វិទ្យាល័យ AUPP ក៏បានបញ្ចូលទ្រឹស្ដី STEAM ដែលមានមុខវិជ្ជាគោលសំខាន់ៗដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។

គ្រឹះស្ថានសិក្សា Foxcroft Academy ដែលជាដៃគូរបស់វិទ្យាល័យ AUPP ត្រូវបានបង្កើតឡើងជាគ្រឹះស្ថានមធ្យមសិក្សាឯកជន នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៨២៣ និងជាវិទ្យាល័យដំបូងគេដែលត្រូវបានទទួលស្គាល់ បន្ទាប់ពីរដ្ឋ Maine ក្លាយជារដ្ឋផ្លូវការរបស់សហរដ្ឋអាមេរិក។ គ្រឹះស្ថានសិក្សា Foxcroft Academy ជាគ្រឹះស្ថានមធ្យមសិក្សាឯកជនមានអាយុកាលជាង ២០០ឆ្នាំដែលផ្ដោតលើការអប់រំជានិរន្ដរភាព។

វិទ្យាល័យ AUPP ស្ថិតនៅអគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

ដើម្បីសាកសួរព័ត៌មានបន្ថែមអំពីវិទ្យាល័យ AUPP សូមទំនាក់ទំនង៖

* ទូរស័ព្ទ៖ (+855) 23 902 111 ឬ 077 584 797
* អ៉ីមែល៖ [email protected]
* គេហទំព័រ៖ www.hs.aupp.edu.kh 
* ហ្វេសប៊ុក និង អ៉ីនស្ដាក្រាម៖ @AUPPhs
* តេលេក្រាម: 077 584 797 ឬ t.me/AUPPHSFAkh