BamBam សមាជិក GOT7 ប្រកាសផ្អាកប្រើ Twitter ក្រោយក្លាយជាតារា K-POP មានអ្នកតាមដានច្រើនបំផុតក្នុងបណ្តាញសង្គមមួយនេះ

02-07-2022 17:19

(កូរ៉េ)៖ តារាចម្រៀងបុរស BamBam ដែលជាសមាជិកក្រុមចម្រៀងល្បីមួយរបស់ K-POP GOT7 ត្រូវបានគេដឹងថា ក្លាយជាតារាប្រុសកូរ៉េ មានចំនួន Follower ច្រើនបំផុតក្នុងបណ្តាញសង្គម Twitter ប៉ុន្តែគេមិនដឹងនោះឡើយថា តើហេតុអ្វីបានជានៅសុខៗ តារាប្រុសរូបនេះស្រាប់តែប្រកាសផ្អាកប្រើ Twitter? នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Koreaboo នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២។

ជាក់ស្តែងថ្មីៗនេះ តារាប្រុស BamBam បានធ្វើការជូនដំណឹងផ្លូវការមួយ ថាលោកសម្រេចផ្អាកប្រើប្រាស់បណ្តាញសង្គម Twitter ដើម្បីយកពេលវេលាសម្រាកសម្រាប់ខ្លួនឯង និងមិនបានបញ្ជាក់មូលហេតុច្បាស់លាស់ឡើយ ខណៈហ្វេនៗ និងអ្នកតាមដានក្នុងបណ្តាញសង្គមមួយនេះ ហាក់ចង់ដឹងពីមូលហេតុយ៉ាងខ្លាំង។

ដោយសារតែមានចម្ងល់ច្រើនបែបនេះ លោកក៏សម្រេចបញ្ជាក់យ៉ាងច្បាស់នៅលើសារ Twitter មួយទៀតថា លោកយកពេលវេលាសម្រាក ដើម្បីព្យាបាលជំងឺផ្លូវចិត្ត។

គួរជម្រាបថា តារាល្បីៗមិនថាក្នុងវិស័យ K-POP នោះទេ តែងតែជួបប្រទះនឹងបញ្ហាផ្លូវចិត្ត ក្នុងស្ថានភាពផ្សេងៗគ្នា ខណៈអ្នកខ្លះឈានដល់ការបញ្ចប់ជីវិតជាច្រើន។ ភាគច្រើន គឺដោយសារតែទទួលរងនូវសារ ដែលមានខ្លឹមសារមិនល្អ ពីអ្នកលេងបណ្តាញសង្គម ដែលធ្វើឲ្យពួកគេបាក់ទឹកចិត្ត។ តែយ៉ាងណា សម្រាប់តារាប្រុស BamBam នៅពេលប្រាប់ដំណឹងនេះនៅលើបណ្តាញសង្គម គឺមានអ្នកគាំទ្រជាច្រើនបានជូនពរលោកឲ្យឆាប់ជាសះស្បើយ៕