(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងបើកយុទ្ធនាការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២២ (AFF U19 Championship 2022) ដោយត្រូវជួបក្រុម U19 សិង្ហបុរី នាម៉ោង ៧យប់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ នេះ នៅកីឡដ្ឋាន Medya Senayan ប្រទេសឥណ្ឌូនេស៊ី។

នេះគឺជាជំនួបបើកឆាកពូល G ដែលក្រុមគោព្រៃជំទង់កម្ពុជា ស្ថិតក្នុងពូលជាមួយក្រុម U19 ម៉ាឡេស៊ី សិង្ហបុរី ឡាវ និងទីម័រខាងកើត ។ ក្រុម U19 កម្ពុជា បានប្រមូលផ្ដុំហ្វឹកហាត់ផ្លូវការជុំគ្នាតែ ៤ថ្ងៃប៉ុណ្ណោះ មុនការប្រកួតខាងលើ ពោលគឺមុន និងក្រោយចាកចេញពីមាតុភូមិ ដែលពួកគេបានធ្វើដំណើរទៅឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣០ ខែមិថុនាកន្លងទៅ ។

លោក Kuji Gyotoku គ្រូបង្វឹក្រុមជម្រើសជាតិ U19 កម្ពុជា ធ្លាប់បានបញ្ជាក់មុនដឹកនាំក្រុមចូលរួមព្រឹត្តិការណ៍ប្រចាំតំបន់នេះថា ស្ថានភាពក្រុមលើកនេះ មិនដូចក្រុមយុវជន U19 ដែលបានទៅប្រកួតនៅវៀតណាម(ឆ្នាំ២០១៩) នោះទេ ដោយសារបញ្ហាកូវីដ-១៩ និងការប្រកួតលីគដ៏មមាញឹកធ្វើឲ្យលោកមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរៀបចំក្រុម និងការហ្វឹកហាត់ជុំគ្នា ។

យ៉ាងណាក្ដី លោកនឹងព្យាយាមជំរុញ និងខិតខំប្រឹងឲ្យអស់ពីសមត្ថភាព ក្នុងយុទ្ធនាការនេះ ទោះបីកីឡាករសំខាន់ៗមួយចំនួន លោកមិនបានកោះហៅ ក្រោមហេតុផលពួកគេជាប់ភារកិច្ចជួយក្លិបក៏ដោយ ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់គ្រូបង្វឹកជនជាតិជប៉ុនខាងលើ ។

សូមរំឮកថា កាលពីឆ្នាំ២០១៩ ការប្រកួតពាន AFF U19 នៅវៀតណាម ទោះបីក្រុមគោព្រៃជំទង់កម្ពុជា មិនអាចឆ្លងផុតវគ្គជម្រុះក្នុងពូល តែកម្ពុជា ធ្វើបានក្នុងលទ្ធផលមួយដ៏ល្អប្រសើរ ពិសេសបានយកឈ្នះក្រុមម្ចាស់ផ្ទះវៀតណាម ២-១ និងឈ្នះថៃ ៤-៣ គួរឲ្យភ្ញាក់ផ្អើល មុនព្រឹត្តិការណ៍នេះ ត្រូវបានខកខានរៀបចំ ២ឆ្នាំ ដោយសារជំងឺរាតត្បាតជាសកលកូវីដ-១៩៕