(បរទេស)៖ បន្ទាប់ពីរងសម្ពាធកាន់តែច្រើនឡើងៗ TikTok ថ្មីៗនេះ បានផ្តល់នូវព័ត៌មានលម្អិតបន្ថែមទៀតអំពីរបៀបនៃកំណត់ការចូលប្រើទិន្នន័យរបស់ក្រុមហ៊ុនចិនមួយ ចំពោះទិន្នន័យអ្នកប្រើប្រាស់នៅអាមេរិក ដែលការផ្ដល់ជូនព័ត៌មានថ្មីបន្ថែមនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការស្នើសុំពីសំណាក់ សមាជិកព្រឹទ្ធសភាអាមេរិកជាច្រើនរូប ដោយទាមទារឱ្យរដ្ឋបាលលោកប្រធានាធិបតីសហរដ្ឋអាមេរិក មានការសើរើ និងត្រួតពិនិត្យឡើង វិញ ចំពោះការគ្រប់គ្រង់ទិន្នន័យអ្នកប្រើប្រាស់អាមេរិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួនប្រាំបួននាក់ បានស្នើឱ្យនាយកប្រតិបត្តិ TikTok លោក Shou Zi Chew បង្ហាញ និងរៀបរាប់អំពីរបៀបដែលក្រុមហ៊ុនមានគម្រោងបំបែកទិន្នន័យអ្នកប្រើប្រាស់អាមេរិកចេញពី ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ។ លោក Chew ក៏បានពន្យល់អំពីផែនការរបស់ TikTok ក្នុងការផ្ទុកទិន្នន័យអ្នកប្រើប្រាស់អាមេរិកនៅលើម៉ាស៊ីនមេ របស់ ក្រុមហ៊ុន Oracle ដែលជាផែនការដំបូង និងត្រូវបានលេចធ្លាយកាលពីខែមុន។

លោក Chew បានសរសេរនៅក្នុងសំបុត្រមួយ និងត្រូវបានចេញផ្សាយដោយកាសែត The New York Times ថា «យើងមានមោទនភាពដែលអាចបម្រើសហគមន៍ពិភពលោកដែលមានមនុស្សជាងមួយពាន់លាននាក់ប្រើប្រាស់ TikTokដើម្បីបង្ហាញខ្លួនឯងប្រកបដោយភាពច្នៃប្រឌិត និងមានភាពសប្បាយរីករាយ»«យើងដឹងថាយើងស្ថិតក្នុងចំណោមវេទិកាដែលត្រូវបានពិនិត្យពិច័យបំផុតទាក់ទងនឹងសុវត្ថិភាព ហើយយើងមានបំណងដកការសង្ស័យណាមួយអំពីសុវត្ថិភាពនៃទិន្នន័យអ្នកប្រើប្រាស់របស់សហរដ្ឋអាមេរិកចេញ ដើម្បីបង្ហាញពីតម្លាភាព និងភាពស្អាតស្អំ ដើម្បីឱ្យអ្នកប្រើប្រាស់មានទំនុកចិត្ត»

សារព័ត៌មាន BuzzFeed News ធ្លាប់បានរាយការណ៍ថា វិស្វកររបស់ក្រុមហ៊ុន ByteDance នៅក្នុងប្រទេសចិន មានសិទ្ធិចូលប្រើទិន្នន័យរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក កាលពីនៅចុងខែមករាកន្លងទៅនេះ ហើយបន្ទាប់មក សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ ក៏បានសាកសួរលោក Chew អំពីការអនុវត្តសុវត្ថិភាពទិន្នន័យ។

ទាក់ទងនឹងរឿងសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ TikTok នៅសហរដ្ឋអាមេរិកនេះ បានចាប់ផ្ដើមផ្ទុះឡើងកាលពីជំនាន់ លោកដូណាល់ ត្រាំ ដោយកាលនោះ ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិក លោកបានចេញបញ្ជាឱ្យបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិក និងបាន ឱ្យ TikTok ផ្ដាច់ខ្លួនចេញពីក្រុមហ៊ុនចិន ដោយលក់អាជីវកម្មនៅសហរដ្ឋអាមេរិកឱ្យទៅក្រុមហ៊ុនឯកជនណាមួយរបស់ អាមេរិក ហើយកាលពីពេលនេះ មានក្រុមហ៊ុនអាមេរិកធំៗជាច្រើនបានដាក់សំណើទិញ TikTok ដូចជា Microsoft និង Oracle ជាដើម ប៉ុន្តែ TikTok មិនបាន លក់ឱ្យនរណាមួយនោះទេ៕