(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានយកឈ្នះក្រុម U19 សិង្ហបុរី ដោយលទ្ធផល ១-០ ក្នុងជំនួបបើកឆាកពូល B នៃពានរង្វាន់ AFF U19 Boys Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី នៅរាត្រីថ្ងៃទី០៣ ខែកក្កដា វិ ឆ្នាំ២០២២។

ការប្រកួតដំបូងនេះ ក្រុមគោព្រៃជំទង់កម្ពុជា បានស៊ុតបំប៉ោងសំណាញ់ទីក្រុមយុវជន U19 សិង្ហបុរី តាំងពីនាទីទី៧ ដោយកីឡាករ សុវណ្ណ ដូណា ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ បន្ទាប់ពីក្រុមទាំងពីរ ព្យាយាមវាយសម្រុកគ្នា តែមិនអាចស្វែងរកគ្រាប់បាល់បន្ថែមបាន។

ជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុម U19 កម្ពុជា ទទួលបាន ៣ពិន្ទុពេញពីការប្រកួតបើកឆាកពូល B មុនបន្ដជួបក្រុម U19 ម៉ាឡេស៊ី នាថ្ងៃទី០៥ ខែកក្កដាខាងមុខ ហើយក៏ជាការសងសឹកបានសម្រេចផងដែរ ដ្បិតកាលពីឆ្នាំ២០១៩ នៅប្រទេសវៀតណាម ក្រុមយុវជនកម្ពុជា បានចាញ់សិង្ហបុរី ១-០ ដូចគ្នា ក្នុងពានរង្វាន់យុវជន U19 ប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ៕