(ភ្នំពេញ)៖ កីឡាករប្រដាល់ជើងខ្លាំងថៃ Buakaw Banchamek បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការក្នុងប្រកួតកម្មវិធី «សង្វៀនគុនខ្មែរជើងឯកពិភពលោក ឬ World Fight Tournament 2022/Kun Khmer Series» នាថ្ងៃទី០៦ ខែកក្កដាខាងមុខ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយបានចាត់ទុកកម្មវិធីនេះ គឺជាព្រឹត្តិការណ៍ដ៏ធំទៀតផង។
ការលើកឡើងនេះ បន្ទាប់ពីកំពូលអ្នកប្រដាល់សេរីថៃរូបនេះ បានធ្វើដំណើរមកដល់កម្ពុជា នាល្ងាចថ្ងៃទី០៣ ខែមិថុនា ដើម្បីត្រៀមតតាំងជាមួយកីឡាករជើងខ្លាំងបេឡារុស Varats Dzmitry ក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម លើសង្វៀនគុនខ្មែរជើងឯកពិភពលោកនាថ្ងៃពុធខានស្អែកនេះ។
Buakaw បានបញ្ជាក់ថា ខ្លួនបានខកខានប្រកួតអស់រយៈពេលប្រហែល ៣ឆ្នាំមកហើយ ដោយសារបញ្ហាកូវីដ-១៩ ប៉ុន្ដែលោកបានរក្សាខ្លួន ក៏ដូចជាបច្ចេកទេស ជាមួយការខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំង ដើម្បីធ្វើឲ្យបានល្អបំផុត ក្នុងការប្រកួតទល់នឹងកីឡាករបេឡារុស។
បុរសវ័យ ៤០ឆ្នាំរូបនេះបន្ដថា «ខ្ញុំអត់ធ្លាប់ប្រកួតជាមួយគូប្រកួតរបស់ខ្ញុំ (Varats Dzmitry) ពីមុនមកទេ គ្រាន់តែយើងធ្លាប់ជួបគ្នាខាងក្រៅ និងឃើញការប្រកួតរបស់គេ។ ខ្ញុំគិតថាការប្រកួតនេះ ពិតជាការប្រកួតមួយដ៏អស្ចារ្យ និងផ្ដល់នូវទស្សនីយភាពសប្បាយរីករាយដល់អ្នកទស្សនា»។
ជុំវិញការបង្ហាញខ្លួនលើកទី២ ក្នុងការប្រកួតនៅកម្ពុជានេះ Buakaw បន្ថែមថា «ខ្ញុំធ្លាប់មកប្រកួតនៅកម្ពុជាម្ដងហើយ តែលើកនេះ ខ្ញុំយល់ថា សង្វៀន World Fight គឺជាវេទិកាមួយដ៏ធំបំផុត។ ដូច្នេះខ្ញុំបានត្រៀមនូវការប្រកួតនេះឲ្យពេញទំហឹង និងបញ្ចេញឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យអ្នកទស្សនាមិនខកបំណង»។
គួរដឹងថា ក្រៅពីជំនួបដ៏កក្រើកនេះ ក៏មានការប្រកួតខ្លាំងប៉ះខ្លាំង ៤គូទៀតដែរ រវាងកីឡាករ-កីឡាការិនីកម្ពុជា ជាមួយបរទេស រួមមានកីឡាករ កាន់ ម៉េងហុង ជួបកីឡាករអូស្ដ្រីលី Dylan Eagle ទម្ងន់ ៥៥,៣គីឡូក្រាម។ កីឡាករ បឺត សង្ឃឹម ជួបជើងខ្លាំងថៃ Penthep Eakmuangnon ទម្ងន់ ៥៧,២គីឡូក្រាម។ កីឡាករ ម៉ឺន មេឃា ជួបកីឡាករប្រេស៊ីល Felype Souza ទម្ងន់ ៦១,២គីឡូក្រាម និងកីឡាការិនី ទូច ច័ន្ទវត្តី ជួបកីឡាការិនីអេស្ដូនី Marie Ruumet ទម្ងន់ ៥៣.៥គីឡូក្រាម។
ជាមួយការរៀបចំព្រឹត្តិការណ៍ World Fight Tournament 2022/Kun Khmer Series នេះដែរ គេឃើញមានការគាំទ្រច្រើន ពិសេសអាជ្ញាកីឡា រួមទាំងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាឱកាសមួយ ដើម្បីផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីគុនខ្មែរផង ហើយក៏រួមចំណែកផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផង៕