(បរទេស)៖ ក្នុងអំឡុងពេលព្រឹត្តិការណ៍ WWDC 2022 របស់ Apple ឆ្នាំនេះក្រុមហ៊ុនបានប្រកាសនូវមុខងារថ្មីៗជាច្រើនសម្រាប់អ្នកប្រើប្រាស់ CarPlay នៅពេលដែល iOS 16 មកដល់។ ដោយឡែកលក្ខណៈពិសេសមួយក្នុងចំណោមលក្ខណៈពិសេសដែលបានបង្ហាញនោះរួមមាន មធ្យោបាយកាន់តែងាយស្រួល ដល់អ្នកប្រើប្រាស់ក្នុងការទូទាត់ប្រាក់នៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ដូច្នេះអ្នកប្រើប្រាស់អាចទូទាត់ប្រាក់តាមរយៈ CarPlay របស់ Apple បាន។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២។

លក្ខណៈពិសេសដែល Apple បានប្រកាសចេញនោះ នឹងដាក់ឱ្យប្រើប្រាស់ជាលើកដំបូងតែនៅក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះ ខណៈមុខងារនេះនឹងមិនមានដំណើរការគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈនោះឡើយ ដោយវាត្រូវបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈ HF Sinclair។ ក្នុងនោះគេបានបញ្ជាក់ដែរថា ស្ថានីយ៍នេះមានជាង ១,៦០០ កន្លែងនៅទូទាំងប្រទេសឯណោះ។

យ៉ាងណាមិញអ្នកនាំពាក្យរបស់ HF Sinclair បានឱ្យដឹងថា ជាជំហានក្នុងការចាប់ផ្តើមប្រើមុខងារថ្មីនេះអ្នកប្រើប្រាស់ត្រូវ Download App របស់ក្រុមហ៊ុនប្រេងឥន្ធនៈជាមុនសិន ហើយបន្ទាប់មកបំពេញព័ត៌មានលម្អិតនៃការទូទាត់របស់ពួកគេ នៅពេលដែលបំពេញរួចរាល់ហើយនោះនឹងអាចចាប់ផ្តើមទូទាត់ប្រាក់ដោយប្រើ System របស់រថយន្តបានតែម្តង។

គួរជម្រាបដែរថា មុខងារនេះទំនងជាអាចនឹងដំណើរការបាននៅខែក្រោយនេះ នៅពេលដែលប្រតិបត្តិការ iOS 16 ចេញផ្សាយជាផ្លូវការ ក៏ដោយសារតែជាទម្លាប់របស់ Apple នឹងដាក់បង្ហាញមុខងារថ្មីៗរបស់ខ្លួននៅក្នុងអំឡុងខែកញ្ញាហ្នឹងឯង៕