(អាមេរិក)៖ បុរសម្នាក់មានវ័យ៣៥ឆ្នាំ រស់នៅក្នុងទីក្រុង New York កំពុងប្រឈមមុខនឹងទោសបំពានទ្រព្យសម្បត្តិអ្នកដទៃ និងបទចោទប្រកាន់មួយចំនួនទៀត បន្ទាប់ពីប៉ូលីសបានរាយការណ៍ថា លោកបានលួចចូលលំនៅដ្ឋានរបស់តារាចម្រៀង Taylor Swift ចំនួនពីរកន្លែងផ្សេងគ្នាក្នុងទីក្រុង New York។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ប៉ូលីសបាននិយាយថា ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួននៅថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីបានស៉ើបអង្កេត និងបានរកឃើញថា នៅថ្ងៃទី២៦ ខែមីនា លោកបានចូលលំនៅដ្ឋានរបស់ Taylor Swift ដែលស្ថិតនៅតំបន់ Tribeca ខណៈនៅថ្ងៃទី១២ ខែមិថុនា បុរសដដែលនេះ បានចូលក្នុងអគារលំនៅដ្ឋានរបស់ Swift ផ្សេងទៀត ដែលមានទីតាំងនៅផ្លូវតែមួយ។

គួរជម្រាបថា តារាចម្រៀងល្បីឈ្មោះរបស់អាមេរិក Swift អាយុ ៣២ឆ្នាំ កន្លងទៅធ្លាប់ជួបបញ្ហាបែបនេះជាច្រើនដងមកហើយ។ ក្នុងឆ្នាំ ២០១៨ ប៉ូលីសបាននិយាយថា បុរសម្នាក់បានលួចចូលផ្ទះក្នុងក្រុង Tribeca របស់នាង ហើយពេលចូលទៅដល់បានដេកមួយស្របក់។ បន្ថែមពីនេះ នៅឆ្នាំដដែលនោះ បុរសម្នាក់មកពីរដ្ឋ Colorado ត្រូវបានចាប់ខ្លួននៅខាងក្រៅផ្ទះ Beverly Hills ដែលជាកម្មសិទ្ធិរបស់ Swift ដោយក្នុងដៃមានកាន់កាំបិត ខ្សែពួរ និងគ្រាប់រំសេវ៕