(ឡុងដ៏)៖ ក្លិប Fulham មានការចុះកិច្ចព្រមព្រៀងជាមួយក្លិប Sporting Lisbon ទិញបានកីឡាករខ្សែបម្រើការពារ Joao Palhinha ដែលមានកិច្ចសន្យារយៈពេល ៥ឆ្នាំដែលតម្លៃនៃការផ្ទេរប្រហែល ១៧លានផោន ដើម្បីត្រៀមការប្រជែងពានលីគអង់គ្លេស Premier League រដូវកាល ២០២២-២៣។
ខ្សែបម្រើការពារវ័យ ២៦ឆ្នាំ Joao Palhinha បានក្លាយជាកីឡាករដំបូងគេដែលបានចូលរួមជាមួយក្លិប Fulham ស្ថិតក្រោមការដឹកនាំដោយលោក Marco Silva គិតចាប់តាំងពីក្លិបនេះបានត្រលប់ឡើងមកលេងក្នុងលីគ PL វិញបន្តទៀត។
Joao Palhinha ក៏ជាកីឡាករឆ្នើមម្នាក់ដែលបានជួយក្លិប Sporting ឡើងដល់វគ្គ ១៦ក្រុមចុងក្រោយនៃពាន UEFA Champions League រដូវកាលមុន ហើយរូបគេក៏បានបង្ហញាអារម្មណ៍ថា «វាជាឱកាសធំមួយសម្រាប់ខ្ញុំ ដែលជាកីឡាករអាជីពក្នុងការលេង ដោយគំនិតខ្ញុំនេះជាលីគល្អបំផុតមួយក្នុងពិភពលោក»។
រំលឹកផងថា ចាប់តាំងពីរដូវកាល ២០១៦-១៧ ដល់២០២១-២២ ខ្សែបម្រើការពារ Joao Palhinha បានបង្ហាញខ្លួន ៩៥ប្រកួតរកបាន ៧គ្រាប់នាមជាកីឡាករអាជីពរួមចំណែកឈ្នះពានរង្វាន់ Primeira Liga 2020-21 ដ្បិតក្លិប Fulham ក៏កំពុងបន្តការពិភាក្សាផ្លាស់ប្តូរនាំយកកីឡាករ Manor Solomon បន្ទាប់ពីការចាក់ចេញរបស់ខ្សែប្រយុទ្ធវ័យក្មេង Fabio Carvalho ទៅកាន់ក្លិប Liverpool ក្នុងតម្លៃ ៥លានផោន៕