(ភ្នំពេញ)៖ លោកស្រី សូ គន្ធី ប្រធានក្រុមប្រឹក្សាភិបាលសមាគមកសិដ្ឋានស្រ្តី នារសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ជាមួយលោក លឹម អូន អគ្គនាយកធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា (SME) ដើម្បីលើកកម្ពស់ហិរញ្ញប្បទាន ដែលមានលក្ខខណ្ឌសមស្រប សម្រាប់សហគ្រាសធុនតូច និងមធ្យម។
ពិធីនេះបានរៀបចំឡើងនៅធនាគារ SME ដោយមានការចូលរួមពីសហគ្រិនជាស្ត្រី និងជាសមាជិកសមាគមកសិដ្ឋានស្រ្តី មកពីគ្រប់បណ្តាខេត្ត រួមទាំងមានអ្នកជំនាញ ពាក់ព័ន្ធជាច្រើនរូបទៀតចូលរួមផងដែរ។
សូមជម្រាបដែរថា អនុស្សរណៈយោគយល់គ្នា ដើម្បីចូលរួមលើកកម្ពស់ និងគាំទ្រសហគ្រាសដែលភាគច្រើនដឹកនាំដោយស្រ្តីឱ្យកាន់តែរីកចម្រើន និងដំណើរការល្អ ហើយក៏នឹងផ្តល់លទ្ធភាពឱ្យសហគ្រាសដែលជាសមាជិកនៃសមាគមកសិដ្ឋានស្រ្តី អាចស្នើសុំ និងទទួលបានហិរញ្ញប្បទានដែលមានលក្ខខណ្ឌអនុគ្រោះពីធនាគារ SME ដើម្បីអភិវឌ្ឍអាជីវកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពផងដែរ។
លើកឡើងនាឱកាសនោះលោកស្រី សូ គន្ធី បានបញ្ជាក់ថា ការចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នាពេលនេះ ដោយ មើលឃើញថា ធនាគារមានភាពប្លែកពីធនាគារផ្សេងៗទៀត ដោយសារធនាគារនេះជួយលើកកម្ពស់ស្ត្រីជាសហគ្រិន តាមរយៈការផ្តល់អត្រាការប្រាក់ទាប ដែលជាអត្រាការប្រាក់បន្ធូបន្ថយសម្រាប់ស្ត្រីជាសហគ្រិន និងមិនដែលមានធនាគារណាយកអត្រាការប្រាក់ទាបជាងនេះនោះទេ។
លោកស្រី សូ គន្ធី បានបន្ថែមថា ធនាគារ SME គឺជាធនាគារមួយ ដែលធ្វើការសិក្សាលើផលវិបាករបស់ស្ត្រីដែលជាសហគ្រិន និងស្តាប់ហេតុផលដែលសហគ្រិន ជាស្ត្រីជួបប្រទះ និងមិនផ្តោតលើបញ្ហាតឹងរឹងខ្លាំងនោះទេ និងបានផ្តល់លក្ខខណ្ឌងាយស្រួលច្រើនសម្រាប់សហគ្រាស ដែលមានសហគ្រិនជាស្រ្តីផងដែរ រួមទាំងការផ្តល់ហិរញ្ញាប្បទាន សម្រាប់សហគ្រាសបានប្រើប្រាស់ចំទិសដៅផងដែរ។
លោក លឹម អូន បានបញ្ជាក់ដែរថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល ធនាគារ SME បានអនុវត្តទៅលើគម្រោង២រួចមកហើយ ដែលជាគម្រោង សហហិរញ្ញ ប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលក្នុងនោះមានសម្រាប់ដំណាក់កាលទី១ ក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារ សម្រាប់វិស័យអតិភាព របស់រាជរដ្ឋាភិបាល និងដំណាក់កាលទី២ ២៤០លានដុល្លារ សរុបមានចំនួន៣៤០លានដុល្លារ ដែលក្នុងនោះគឺបានផ្តល់អតិភាពច្រើនសម្រាប់សហគ្រិនជាស្ត្រី។ ជាមួយគ្នានេះនៅក្នុងដើមខែកក្កដា ឆ្នាំ២០២២នេះ ធនាគារក៏បានចាប់ផ្តើមអនុវត្តន៍ដំណាក់កាលទី៣មួយទៀត គឺគម្រោងជួយដល់វិស័យទេសចរណ៍ ដែលមានទំហំទឹកប្រាក់ ១៥០លានដុល្លារផងដែរ។
សូមជម្រាបដែរថា កសិដ្ឋានស្រ្តី ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ក្នុងគោលបំណង លើកកម្ពស់ទីផ្សារផលិតផលរបស់ស្រ្តីអ្នកផលិត មកពីបណ្តា រាជធានីខេត្តក្រុង ក្នុងប្រទេសកម្ពុជា តាមរយៈការបង្កើតជាហាងលក់ទំនិញដែលប្រមូលផ្តុំទៅដោយផលិតផលសំរេចរបស់សហគ្រិនជាស្ត្រី ឬម្ចាស់សិប្បករ ដែលដឹកនាំដោយស្ត្រី។
គ្រប់សកម្មភាពរបស់ កសិដ្ឋានស្រ្តី បានដើរតួយ៉ាងសំខាន់ កម្លាំងជំរុញនៃស្ថេរភាពសេដ្ឋកិច្ច ការបង្កើតការងារ ការកែច្នៃប្រឌិតថ្មី និងជំរុញឱ្យមានបរិយាកាស
ប្រកួតប្រជែងវិសយ័អាជីវកម្ម ដោយផ្តោតលើការពង្រឹងសមត្ថភាព ចំណេះដឹងផ្នែកអាជីវកម្ម ផ្នែកហិរញ្ញវត្ថុក៏ដូចជាបច្ចេកវិជ្ជាចុងក្រោយ ដែលបង្កើនដល់គុណភាព
ផលិតផលស្តង់ដារ និងការនាំចេញ និងពង្រីកទីផ្សារផលិតផលនានាដែលសហគ្រាស ឬសិប្បកម្ម បានផលិតរួចឱ្យទទួលបានការគាំទ្របន្ថែមទៀត៕