(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា នឹងបន្ដជួបក្រុមជម្រើសជាតិ U19 ម៉ាឡេស៊ី នាវេលាម៉ោង ៣រសៀលនេះនៃពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍យុវជនអាយុក្រោម ១៩ឆ្នាំ AFF U19 Championship 2022 នៅប្រទេសឥណ្ឌូនេស៊ី។
នេះគឺជាប្រកួតទី២ ក្នុងពូល B របស់ក្រុមគោព្រៃជំទង់កម្ពុជា បន្ទាប់ពីប្រកួតបើកឆាកពួកគេ បានយកឈ្នះក្រុមសិង្ហបុរី ដោយលទ្ធផល ១-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ ប៉ុន្ដែជាការប្រកួតដំបូងរបស់ក្រុមយុវជន U19 ម៉ាឡេស៊ី ក្នុងពូលដែលមានបេក្ខភាពប្រកួតប្រជែង ៥ក្រុមនេះ។
មិនខុសពីសិង្ហបុរីនោះទេ កាលពីឆ្នាំ២០១៩ នៅវៀតណាម កម្ពុជា និងម៉ាឡេស៊ី ក៏ស្ថិតក្នុងពូលជាមួយគ្នាដែរ ហើយលទ្ធផលជួបគ្នាក្នុងពូល កម្ពុជា បានចាញ់ម៉ាឡេស៊ី ៣-០។ ដូច្នេះការប្រកួតល្ងាចនេះ គឺជាជំនួបមួយដ៏សំខាន់ដែលក្រុមគោព្រៃជំទង់កម្ពុជា ត្រូវជម្រះបញ្ជីចាស់ ដើម្បីរក្សាឱកាសឡើងទៅវគ្គបន្ដ។
បន្ទាប់ពីចប់ការប្រកួតនេះ ក្រុម U19 កម្ពុជា នឹងបន្ដជួបក្រុមយុវជនឡាវ នាថ្ងៃទី០៧ ខែកក្កដា និងចុងក្រោយជួបក្រុម U19 ទីម័រខាងកើត នាថ្ងៃទី១១ ខែកក្កដាខាងមុខ នៅកីឡដ្ឋាន GBK Madya ប្រទេសឥណ្ឌូនេស៊ីតែមួយគត់៕