(បាសេឡូណា)៖ ខ្សែបម្រើសញ្ជាតិកូដឌីវ័រ Franck Kessie បានចូលរួមលេងនៅក្លិប FC Barcelona លើកិច្ចសន្យាផ្ទេរដោយឥតបង់ថ្លៃ បន្ទាប់ពីបានចាកចេញពីក្លិប AC Milan។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅលីគកំពូលអេស្ប៉ាញ La Liga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

ក្លិបអ្នកមានបុណ្យ Barcelona បានឲ្យដឹងថា កីឡាករ Kessie បានចុះហត្ថលេខាលើកិច្ចសន្យាលេងរហូតដល់ខែមិថុនា ឆ្នាំ២០២៦ ហើយកិច្ចសន្យាទិញផ្តាច់កិច្ចសន្យាពីទឹកដី Camp Nou នេះមានតម្លៃ ៥០០លានអឺរ៉ូ (៥២២.៨០លានដុល្លារ)។

កីឡាករវ័យ ២៥ឆ្នាំខាងលើនេះ បានចាកចេញពីក្លិប AC Milan របស់អ៉ីតាលី នៅពេលកិច្ចសន្យារបស់លោកបានចប់កាលពីខែមិថុនាកន្លងទៅ បន្ទាប់ពីបានជួយក្លិបមួយនេះឈ្នះពានរង្វាន់ Serie A ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ១១ឆ្នាំចុងក្រោយ។

Kessie ដែលអាចលេងបានទាំងប្រយុទ្ធ និងការពារផងដែរនោះ បានចូលលេង ៥៨លើកសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកូដឌីវ័រ។

សូមជម្រាបថា Barcelona បានបញ្ចប់នៅចំណាត់ថ្នាក់ទី២ ក្នុងលីគ La Liga កាលពីរដូវកាលមុន ឈរនៅពីក្រោយក្លិប Real Madrid ដែលជាជើងឯកនោះ៕