(មេនឆេស្ទើ)៖ ខ្សែបម្រើសញ្ជាតិដាណឺម៉ាក Christian Eriksen បានយល់ព្រមលើគោលការណ៍ ដើម្បីចុះកិច្ចសន្យាលេងឲ្យក្លិបបិសាចក្រហម Manchester United លើការផ្ទេរដោយឥតបង់ថ្លៃ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២។

កិច្ចសន្យារយៈពេលខ្លីរបស់កីឡាករវ័យ ៣០ឆ្នាំរូបនេះនៅឯក្លិប Brentford បានបញ្ចប់កាលពីខែមុន។

វាត្រូវបានគេជឿជាក់ថា Eriksen អាចនឹងបានវិលត្រឡប់ទៅលេងនៅក្លិប Brentford ដែលស្ថិតក្រោមការដឹកនាំរបស់លោក Thomas Frank វិញផងដែរ ប៉ុន្តែការផ្ទេរទៅលេងឲ្យក្លិប United មានភាពច្បាស់លាស់ច្រើនជាង។

កិច្ចសន្យារយៈពេល ៣ឆ្នាំត្រូវបានរៀបចំឡើងសម្រាប់កីឡាករ Eriksen ដែលនៅតែត្រូវធ្វើការពិនិត្យសុខភាពរបស់លោកតែប៉ុណ្ណោះ នៅឯក្លិបដែលជាម្ចាស់កីឡដ្ឋាន Old Trafford។

Eriksen អាចនឹងក្លាយជាកីឡាករទី២ ដែលបានចុះកិច្ចសន្យាក្នុងរដូវកាលដោះដូរកីឡាករនារដូវក្តៅនេះ ស្ថិតក្រោមអ្នកចាត់ការថ្មីក្លិប United លោក Erik ten Hag ជាមួយនឹងខ្សែការពារ Tyrell Malacia មកពីក្លិប Feyenoord កំពុងទទួលការពិនិត្យសុខភាព មុនពេលការផ្លាស់មកលេងរបស់លោក៕